(បាងកក)៖ អាជ្ញាធរថៃនៅថ្ងៃអង្គារនេះ បានសម្រេចចិត្តទម្លាក់ចោលការព្រមានបិទដំណើរការបណ្ដាញទំនាក់ទំនងសង្គម Facebook ពាក់ព័ន្ធនឹងការ បង្ហោះសារដែលត្រូវបានចាត់ទុកថា ជាការប្រមាថអង្គព្រះមហាក្សត្រ និងគ្រួសាររាជវង្ស។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនយក្សមួយនេះ យល់ព្រមលុបសារទំាងនេះចោល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០១៧។
នៅក្នុងប្រទេសថៃការប្រមាថព្រះមហាក្សត្រ ឬគ្រួសារញាតិវង្ស នឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរ ជាក់ស្ដែងកាលពីជាង០៣ឆ្នាំមុន មនុស្សច្រើនជាង ១០០នាក់ បានទទួលការផ្តន្ទាទោសពីបទប្រមាថព្រះមហាក្សត្រ ដោយមានអ្នកខ្លះត្រូវជាប់ពន្ធនាគារច្រើនជាង ១០ឆ្នាំ ឯណោះ។ លើសពីនេះទៅទៀត ចាប់តាំងពីទ្រង់ មហា វិចិ្ឆរ៉ាឡុងកន សោយរាជ្យជាព្រះមហាក្សត្រថៃ មនុស្ស០៧នាក់ត្រូវបានចោទប្រកាន់ពីបទប្រមាថ ព្រះមហាក្សត្រ ក្នុងនោះមានមេធាវីការពារសិទ្ធិមនុស្ស គឺលោក Prawet Prapanukul អាចនឹងប្រឈមមុខជាប់ពន្ធនាគាររហូតដល់ទៅ ១៥០ឆ្នាំ ក្រោយលោកជាប់ចោទថា បានប្រមាថព្រះមហាក្សត្រ ដោយប្រើគណនីបណ្ដាញទំនាក់ទំនងសង្គមចំនួន១០ ដាច់ដោយឡែកពីគ្នា។
ពាក់ព័ន្ធនឹងការគំរាមបិទ Facebook អគ្គលេខាធិការអាជ្ញាធរនិយ័តកម្មទូរគមនាគមន៍ថៃ NBTC លោក Takorn Tantasith បានប្រាប់អ្នកសារព័ត៌មាន ក្រោយការដាក់ឱសានវាទបញ្ចប់នៅម៉ោង១០៖០០នាទីព្រឹកថ្ងៃអង្គារនេះថា អាជ្ញាធរថៃបានទម្លាក់ចោលការព្រមានបិទ Facebook បន្ទាប់ពីក្រុមហ៊ុនមួយនេះ យល់ព្រមសហការជាមួយអាជ្ញាធរថៃ ដោយបានសន្យានឹងលុបចោលសារជាង ១៣០ ដែលត្រូវបានចាត់ទុកថា ជាការប្រមាថព្រះមហាក្សត្រ៕