(សេអ៊ូល)៖ ប្រធានាធិបតីថ្មីនៃប្រទេសកូរ៉េខាងត្បូង លោក Moon Jae In ត្រូវបានការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងប្រកាសថា លោកនឹងធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន នៅចុងខែមិថុនាខាងមុខនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ដោយ Channel News Asia នារសៀលថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០១៧។
សេចក្តីប្រកាសខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីជំនួបរវាងមន្ត្រីទទួលបន្ទុកកិច្ចការនយោបាយការបរទេសរបស់លោក Moon ដែលបានជួបពិភាក្សាគ្នាជាមួយនឹងទីប្រឹក្សាសន្តិសុខជាតិអាមេរិក តំណាងលោក ដូណាល់ ត្រាំ ដែលបានមកបំពេញទស្សនកិច្ចនៅក្នុងទីក្រុងសេអ៊ូល។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលដំបូងបំផុតនេះ គឺត្រូវបានគេរំពឹងទុកថា នឹងលើកយកបញ្ហាសន្តិសុខបង្កឡើងដោយកូរ៉េខាងជើងជាចម្បងមកពិភាក្សា។ បន្ថែមពីនេះប្រទេសទាំងពីរ ក៏នឹងលើកឡើងផងដែរអំពីទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរលើវិស័យ សន្តិសុខ យោធា និងពាណិជ្ជកម្ម៕