(វ៉្លាឌីវ៉ូស្តូក)៖ នាវាចម្បាំងប្រឆាំងនាវាមុជទឹករបស់រុស្ស៊ីចំនួនពីរគ្រឿង បានចាប់ផ្តើមធ្វើសមយុទ្ធក្នុងន័យបង្កើនសមត្ថភាពទប់ទល់នឹងការស៊ើបការណ៍ និងវាយប្រហារដោយនាវាមុជទឹករបស់សត្រូវ។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០១៧។
លោក Vladimir Matveev អ្នកនាំពាក្យយោធាប្រចាំតំបន់ភាគខាងកើតប្រទេសរុស្ស៊ីបានថ្លែងយ៉ាងដូច្នេះថា «អំឡុងពេលនៃសមយុទ្ធនេះ នាវាចម្បាំងចំនួនពីរគ្រឿង គឺ MPK-107 និង MPK-81 ចេញប្រតិបត្តិការដោយមានការប្រើប្រាស់ឧបករណ៍ស្វែងរក និងកម្ទេចនាវាមុជទឹក ដែលសត្រូវបញ្ជូនមកធ្វើសមយុទ្ធ និងគ្រប់គ្រងដោយកងប្រតិបត្តិការនាវាមុជទឹករុស្ស៊ី នៃកងពលប្រចាំដែនសមុទ្រប៉ាស៊ីហ្វិក»។
គួរបញ្ជាក់ថា ក្រៅពីការធ្វើសមយុទ្ធបាញ់កម្ទេចសត្រូវជាឧទាហរណ៍នោះ កងទ័ពជើងទឹករុស្ស៊ីក៏បានហ្វឹកហាត់ពីរបៀបប្រើប្រាស់គ្រាប់មីន និងការវាយប្រហារលើទៅលើគោលដៅទាំងក្នុងដែនសមុទ្រ និងលើអាកាសផងដែរ។ សព្វាវុធ នាវាចម្បាំង និងកងទ័ពរុស្ស៊ី ត្រូវបានបញ្ជូនមកពីមូលដ្ឋានទ័ពធំប្រចាំតំបន់ភាគខាងកើតដាច់ឆ្ងាយ ដែលមានមូលដ្ឋាននៅទីក្រុងវ៉្លាឌីវ៉ូស្តូក៕