(តូក្យូ)៖ សាកសពមនុស្ស០៤នាក់ ត្រូវបានគេរកឃើញហើយ បន្ទាប់ពីយន្ដហោះស៊ើបការណ៍មួយគ្រឿងធុន LR-2 របស់កងកម្លាំងស្វ័យការពារជប៉ុនបាន ធ្លាក់នៅឯកោះ Hokkaido កាលពីថ្ងៃចន្ទ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ដោយសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មានជប៉ុន NHK យន្ដហោះ LR-2 ផ្ទុកមនុស្ស០៤នាក់ ក្នុងនោះមានអ្នកបើកបរ០២នាក់ និងអ្នកបចេ្ចកទេស០២នាក់ បានបាត់ចេញពីប្រព័ន្ធរ៉ាដានៅម៉ោងប្រមាណ ១១៖៤៧នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) នៅឯតំបន់ភ្នំមួយកន្លែងស្ថិតនៅចំងាយ ៣០គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន Hakodate Airport។ NHK បានបន្ថែមទៀតថា យន្ដហោះ LR-2 បានធ្វើដំណើរទៅផ្ដល់ជំនួយមនុស្សធម៌ជាថ្នាំពេទ្យសង្រ្គោះបន្ទាន់ និងដឹកអ្នកជំងឺតបតាម សំណើររបស់អភិបាលកោះ Hokkaido។
គួរបញ្ជាក់ថា បំណែកយន្ដហោះ និងសកសពមនុស្សទាំង ០៤នាក់ខាងលើត្រូវបានគេរកឃើញនៅក្បែរតំបន់ព្រៃនៃទីក្រុង Assabu នៃភាគខាងត្បូងកោះ Hokkaido ខណៈមនុស្សជាង ១៨០០នាក់ បានចូលរួមនៅក្នុងប្រតិបត្តិការតាមស្វែងរកនេះ។ ចំណែកឯមូលហេតុនៃការធ្លាក់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត តែជាជំហ៊ានគេជឿជាក់ថា បញ្ហាអាកាសធាតុអាចជាមូលហេតុនៃគ្រោះថ្នាក់ធ្លាក់យន្ដហោះ LR-2៕