(ប៉េកាំង)៖ មិត្តភាពវៀតណាម-ចិន គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរត្រូវថែរក្សា និងជួយលើកកម្ពស់ដើម្បី ឈានដល់ការពង្រឹងទំនាក់ទំនងរវាងប្រទេសទំាងពីរ ដែលកំពុងមានជម្លោះដែនទឹកជាមួយនឹងគ្នានៅឯសមុទ្រចិនខាងត្បូង។ នេះបើតាមសេចក្ដីថ្លែងការណ៍រួម រវាងទីក្រុងប៉េកាំង និងទីក្រុងហាណូយ ដកស្រង់ដោយសារព័ត៌មាន Vietnamplus នៅរសៀលថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០១៧។
សេចក្ដីថ្លែងការណ៍រួមនេះ ធ្វើឡើងនៅក្នុងឱកាសដែលប្រមុខរដ្ឋវៀតណាម លោក Tran Dai Quang បំពេញដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងប៉េកាំង ក៏ដូចជាចូលរួមវេទិកាសេដ្ឋកិច្ច «ខែ្សក្រវ៉ាត់ និងផ្លូវ» ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែឧសភា។ ដោយឡែកនាឱកាសនោះដែរ ប្រមុខរដ្ឋវៀតណាមរូបនេះបាន ជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងនាយករដ្ឋមន្ត្រី លោក Li Keqiang ព្រមទំាងបានឈានដល់ការចេញសេចក្ដីថ្លែងការណ៍រួម ក្នុងគោលដៅពង្រឹងទំនាក់ទំនងទ្វេភាគីជាលក្ខណៈប្រពៃណី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ សុខាភិបាល និង វិស័យអប់រំជាដើម ហើយជាពិសេសនោះគឺធ្វើយ៉ាងដើម្បីសម្រេចឱ្យបាននូវកិច្ចចរចាមួយ ដែលភាគីទំាងពីរ អាចទទួលយកបានពាក់ព័ន្ធនឹងជម្លោះនៅឯ តំបន់សមុទ្រចិនខាងត្បូង។
គួរបញ្ជាក់ថា ចិនបានទាមទារគ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូងស្ទើរតែទំាងស្រុង រីឯវៀតណាម ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និងកោះតៃវ៉ាន់ ក៏បានទាមទារចំណែករៀងៗខ្លួនផងដែរ ខណៈទីក្រុងប៉េកាំង ត្រូវបានគេសង្ស័យថា កំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធានៅលើតំបន់ជម្លោះថែមទៀត៕