(បាងកក)៖ ការដាក់សម្ពាធពីសំណាក់រដ្ឋាភិបាលថៃ អាចបង្ខំឲ្យសមាគមផ្គត់ផ្គង់សេវាអ៊ីនធើណែត Tispa របស់ប្រទេសអាស៊ានមួយនេះ ធ្វើការបិទដំណើរនៃបណ្តាញទំនាក់ទំនងសង្គម Facebook។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែតថៃ បាងកកប៉ុស្តិ៍ ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០១៧។
យោងតាមសេចក្តីរាយការណ៍របស់បាងកកប៉ុស្តិ៍ Tispa បានឲ្យដឹងថា ខ្លួនអាចនឹងផ្តាច់ប្រព័ន្ធផ្តល់ទិន្នន័យ CDN របស់ Facebook ដោយសារតែការបដិសេធរបស់បណ្តាញទំនាក់ទំនងសង្គម ដ៏ធំជាងគេមួយនេះ ចំពោះការលុបចោល Link URL ឬ Post មិនសមរម្យទាំងឡាយចេញពីវែបសាយរបស់ខ្លួន។ ជាមួយគ្នានេះ ពួកគេក៏បានផ្ញើសំណើរបស់ខ្លួន ទៅកាន់នាយកគ្រប់គ្រងរបស់ Facebook ប្រចាំនៅប្រទេសថៃ តាមរយៈសារអ៊ីម៉ែល ជាមួយនឹងពេលកំណត់នាម៉ោង ១០៖០០នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងទីក្រុងបាងកក) ដើម្បីអនុវត្តន៍តាមការទាមទារនេះ។
អាជ្ញាធរថៃធ្លាប់បានព្រមានក្រុមហ៊ុន Facebook ឲ្យលុបចោលខ្លឹមសារមួយចំនួន ដែលត្រូវបានចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខជាតិ និងការបំពានច្បាប់ការពារខ្សែរាជវង្សដ៏តឹងរ៉ឹងរបស់ប្រទេសថៃ។ គណៈកម្មការទូរគមនាគមន៍ និងផ្សព្វផ្សាយជាតិថៃបានឲ្យដឹងថា Facebook មិនបានលុបចោលអាស័យដ្ឋានវែបសាយចំនួន ១៣១ ក្នុងចំណោមអាស័យដ្ឋានទាំង ៣០៩ តាមការស្នើសុំពីរដ្ឋាភិបាល នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួននោះឡើយ។
ហេតុដូច្នេះបើអាជ្ញាធរពាក់ព័ន្ធនៅតែរកឃើញមានខ្លឹមសារខុសច្បាប់ នៅលើគេហទំព័រ Facebook ទៀត ជាពិសេសអាស័យដ្ឋាន URL ទាំង១៣១ ដែលមិនទាន់ត្រូវបានលុបចោលនោះ អាជ្ញាធរថៃនឹងទាមទារឲ្យបិទដំណើរការរបស់ Facebook នៅទូទាំងប្រទេស ដើម្បី Block ខ្លឹមសារមិនស្របច្បាប់ទាំងនោះ។
គួរបញ្ជាក់ថា ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Facebook បានបើកសាខារបស់ខ្លួន នៅក្នុងប្រទេសថៃ កាលពីខែកញ្ញា ឆ្នាំ២០១៥ និងជារឿយៗបានក្លាយខ្លួនជាប្រធានបទនៃករណីជាច្រើន ពាក់ព័ន្ធនឹងបទប្រមាថព្រះមហាក្សត្រ ដែលជនជាតិថៃបានទទួលរងការចោទប្រកាន់ចំពោះការចែកចាយ Facebook Post មួយចំនួនដែលមានទំនោរប្រមាថខ្សែរាជវង្ស៕