(ប៊ែរឡាំង)៖ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានឲ្យដឹងថា ប្រទេសរបស់លោកស្រី នឹងធ្វើការពិចារណាលើការចល័តកងទ័ពអាល្លឺម៉ង់ ចេញពីមូលដ្ឋានទ័ពអាកាស Incirlik របស់តួកគី បន្ទាប់ពីរដ្ឋាភិបាលទីក្រុងអង់ការ៉ា បានបដិសេធមិនព្រមអនុញ្ញាតឲ្យក្រុមមន្រ្តីអាល្លឺម៉ង់ ចុះទៅជួបសួរសុខទុក្ខជាមួយពលទាហាន ដែលឈរជើងនៅទីនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០១៧។
ជាមួយគ្នានេះលោក Wolfgang Hellmich ប្រធានគណៈកម្មាធិការការពារជាតិនៃសភាអាល្លឺម់ង់ បានលើកឡើងថា អាល្លឺម៉ង់នឹងមិនអាចស្ថិតក្រោមការជំរិតគំរាមរបស់តួកគីជាដាច់ខាត។ ក្នុងសប្តាហ៍នេះប្រតិភូនៃសមាជិកសភាអាល្លឺម៉ង់ មិនត្រូវបានអនុញ្ញាតឲ្យចូលធ្វើការជួបសំណេះសំណាលជាមួយ កងទ័ពប្រមាណ ២៦០នាក់ ដែលឈរជើងនៅបន្ទាយ Incirlik ឡើយ។ លោក Hellmich បានបន្ថែមថា «ដូច្នេះហើយវាគឺជារឿងដ៏ត្រឹមត្រូវបំផុត ដើម្បីចាប់ផ្តើមនីតិវិធីនៃការដកកងទ័ព ហើយផ្លាស់ប្តូរទៅកាន់មូលដ្ឋានផ្សេងល្អបំផុតតាមដែលអាចធ្វើទៅបាន នៅក្រៅប្រទេសតួកគី»។
គួរបញ្ជាក់ថា អាល្លឺម៉ង់បានដាក់ពង្រាយយន្តហោះស៊ើបការណ៍ Tornado ប៉ុន្មានគ្រឿង និងយន្តហោះចាក់សាំងលើអាកាសមួយគ្រឿង រួមទាំងកងទ័ពជិត ៣០០នាក់ខាងលើ នៅឯមូលដ្ឋានទ័ពអាកាស Incirlik ក្នុងក្របខណ្ឌនៃយុទ្ធនាការដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងទៅនឹងក្រុមសកម្មប្រយុទ្ធ ISIS នៅស៊ីរីនិងអ៊ីរ៉ាក់។ ចំណែកឯចំណាត់ការរារាំងដំណើរទស្សនកិច្ច របស់សមាជិកសភាអាល្លឺម៉ង់នាពេលថ្មីៗនេះវិញ ត្រូវបានធ្វើឡើងបន្ទាប់ពីទីក្រុងប៊ែរឡាំង បានសម្រេចចិត្តផ្តល់សិទ្ធិជ្រកកោណដល់មន្រ្តីយោធាតួកគីមួយចំនួន ដែលបានរត់ភៀសខ្លួនពីប្រទេសរបស់ពួកគេ នៅក្រោយការធ្វើរដ្ឋប្រហារបរាជ័យកាលពីខែកក្កដា ឆ្នាំ២០១៦ ហើយប្រការនេះកាន់តែធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ ជួបភាពល្អក់កករកាន់តែខ្លាំងឡើង៕