(ប៊ែរឡាំង)៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិបការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel អះអាងថា បានត្រៀមខ្លួនរួចជា​ស្រេចក្នុងការធ្វើកំណែ​ទម្រង់ស៊ីជំរៅ លើសន្ធិសញ្ញាអឺរ៉ុប បើសិនជា​ចាំបាច់។ ប៉ុន្តែការធ្វើកំណែទម្រង់នេះ​មិនមែនអាស្រ័យ​តែលើបារំាង និងអាល្លឺម៉ង់ដែល ជាក្បាលម៉ាស៊ីន​សហភាពអឺរ៉ុប​នោះទេ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០១៧។

ការលើកឡើង​បែបនេះ ធ្វើឡើងនៅក្នុង​​ឱកាសដែល លោក Macron បំពេញទស្សនកិច្ច​​នៅឯបរទេស​ជាលើកដំបូងបំផុត​ទៅកាន់អាល្លឺម៉ង់​ ​ចាប់តាំងពីលោក​​ស្បថចូលកាន់​តំណែងជា​​ប្រធានាធិបតីបារាំង​កាលពីថ្ងៃអាទិត្យ។ ជាមួយគ្នា​នោះដែរ ថ្លែងនៅក្នុងសន្និសីទ​ព័ត៌មាន​រួមគ្នា​ជាមួយ​លោកស្រី Merkel នៅឯទីក្រុង​​ប៊ែរឡាំង លោក Macron បាននិយាយថា លោកពិតជា​​រីករាយនឹងធ្វើការងារ​​រួមគ្នាជាមួយ​អាល្លឺម៉ង់ ដើម្បីសហភាពអឺរ៉ុប និងតំបន់ចាយ​ប្រាក់អឺរ៉ូ ហើយថា​ការធ្វើកំណែទម្រង់​សន្ធិសញ្ញាអឺរ៉ុប មិនមែនជា​ការហាមឃាត់​ទៀតនោះទេ​សម្រាប់បារាំង នៅក្នុងករណីចាំបាច់។

ដោយឡែក​ឆ្លើយតបនឹងសំណួរ​ពាក់ព័ន្ធនឹង​ការកែប្រែ​សន្ធិសញ្ញាអឺរ៉ុប​នេះដែរ លោកស្រី Merkel បានថ្លែងយ៉ាងដូច្នេះថា «យើងបានលើកឡើង​ពីប្រធានបទនេះ ... ហើយការកែប្រែ​សន្ធិសញ្ញាអឺរ៉ុប អាចធ្វើទៅបាន​បើសិនជាវាមាន​ភាពចាំបាច់ ពោលគឺយើងត្រូវដឹងជាមុនសិនថា​ ហេតុអ្វីបានជា​យើងចាំបាច់​ត្រូវធ្វើកំណែ​ទម្រង់»

គួរបញ្ជាក់ថា សហភាពអឺរ៉ុប​ដំណើរការទៅបានអាស្រ័យ​លើកិច្ចព្រមព្រៀម​សំខាន់ៗពីរ នោះគឺសន្ធិសញ្ញា​ស្ដីពីការប្រព្រឹត្តទៅ​នៃសហភាពអឺរ៉ុប (ឆ្នាំ១៩៥៧) និងសន្ធិសញ្ញា​ស្ដីពី​សហភាពអឺរ៉ុប (ឆ្នាំ១៩៩២)។ មួយវិញទៀត​ការកែប្រែសន្ធិសញ្ញា​ទំាងនេះ មិនមែនអាស្រ័យ​តែលើបារំាង និងអាល្លឺម៉ង់ ដែលជាក្បាល​ម៉ាស៊ីន​សហភាពអឺរ៉ុប​នោះទេ តែវាគឺអាស្រ័យលើ​សមាជិកនៃប្លុកទំាងមូល​តែម្ដង៕