(សេអ៊ូល)៖ ក្រុមប្រឹក្សាសន្តិសុខ UN នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើផ្គើនបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ ទី១៤ ខែឧសភា ដោយបានព្រមានទៀតថា នឹងចាត់វិធានការដាក់ទណ្ឌកម្មបន្ថែម រហូតដល់ទីក្រុងព្យុងយ៉ាង ផ្លាស់ប្ដូរអាកប្បកិរិយា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីការណ៍ ដែលអនុម័តដោយសមាជិកក្រុមប្រឹក្សាសន្តិសុខទំាង១៥ ក្នុងនោះរួមមានទំាងចិន ផងដែរបានអំពាវនាវឱ្យកូរ៉េខាងជើង បង្ហាញពីឆន្ទៈបោះបង់ចោលអាវុធនុយក្លេអ៊ែរ និងការសាកល្បងមីស៊ីលផ្លោង។ ប៉ុន្តែនេះមិនមែនជាលើកទីមួយឡើយ ដែលក្រុមប្រឹក្សាសន្តិសុខ UN ថ្កោលទោសទីក្រុងព្យុងយ៉ាង ដែលទើបតែបានសន្យាថា នឹងបន្តបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM គ្រប់ពេលវេលា គ្រប់ទីន្លែងឱ្យតែមានបញ្ជាពីលោក គីម ជុងអ៊ុន។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានប្រកាសអំពីជោគជ័យនៃបាញ់សាកល្បងមីស៊ីល Hwasong-12 កាលពីថ្ងៃអាទិត្យ ក្រោមការបញ្ជាដោយផ្ទាល់ពី មេដឹកនាំកំពូលផុតលេខលោក គីម ជុងអ៊ុន ហើយគ្រាប់មីស៊ីលនេះទៀតសោតអាចនឹងមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ បាញ់ដល់ទឹកដីអាមេរិក។ គ្រាប់មីស៊ីលប្រភេទនេះ ហោះបានរយៈកម្ពស់ ២.១១១,៥គីឡូម៉ែត្រ និងរត់បានចំងាយ ៧៨៧គីឡូម៉ែត្រ។ ដោយឡែកជុំវិញការធ្វើតេស្ដនេះដែរ ក្រុមប្រឹក្សាសន្តិសុខ នឹងបើកកិច្ចប្រជុំជាបន្ទាន់មួយនៅថ្ងៃអង្គារនេះ៕