(សេអ៊ូល)៖ អត្រានៃការធ្វើពាណិជ្ជកម្ម​ប្រចាំឆ្នាំ​រវាងប្រទេសកូរ៉េខាងជើង​ និងរុស្ស៊ី បានកើនឡើងខ្ពស់​ដល់ទៅជាង​ ៨៥ភាគរយ នៅ​ក្នុង​អំឡុង​​ត្រី​មាសនៃ​ដើមឆ្នាំ២០១៧នេះ ដែលជាចម្បង​គឺដោយសារតែ​កំណើន នៃការនាំចេញ​ផលិតផលរបស់ប្រទេសរុស្ស៊ី ដោយ​ផ្ទុយពីបំរាមលើវិស័យ​ពាណិជ្ជកម្ម​របស់អង្គការសហប្រជាជាតិ ដែលត្រូវបានដាក់ជាការប្រឆាំងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោង​របស់របប​ដឹកនាំ​ទីក្រុង​ព្យុងយ៉ាង។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០១៧។

ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក VOA ដែលទទួលបា​នប្រភពទិន្នន័យពី​អាជ្ញាធរគយសហព័ន្ធ​របស់ប្រទេសរុស្ស៊ី បានធ្វើសេចក្តីរាយ​ការណ៍​ថា តម្លៃពាណិជ្ជកម្ម​កូរ៉េខាងជើង-រុស្ស៊ី មានចំនួន ៣១.៨៣លានដុល្លារ​សហរដ្ឋអាមេរិក គិតចាប់ពីខែមករា​ដល់ខែមីនា ដែល​វាបានកើនឡើង ៨៥ភាគរយ ពីរយៈពេល​ដូចគ្នានៅឆ្នាំ២០១៦។ ទីក្រុងម៉ូស្គូ​បានធ្វើការនាំចេញ​ផលិតផល គិតជាតម្លៃសរុប ៣១លានដុល្លារ ទៅ​កាន់ទីក្រុង​ព្យុងយ៉ាង ដោយនៅក្នុងនោះ​មានធ្យូងថ្មស្ថិតនៅលើលំដាប់ខ្ពស់ជាងគេគឺ ២២លានដុល្លារ (៧១ភាគរយ​នៃផលិតផល​​​សរុប)។

ផ្ទុយទៅវិញ​យោងតាមប្រភព​ដដែល ការនាំចូលរបស់​រុស្ស៊ីពីប្រទេស​កូរ៉េខាងជើងបានធ្លាក់ចុះ ៨៨ភាគរយ ពោលគឺនៅត្រឹម​ ៤២០,០០០ដុល្លារ ក្នុងអំឡុងរយៈពេលបីខែដើមឆ្នាំនេះ។ សម្រាប់ផលិតផល​នាំចូលសំខាន់ៗ​រួមមានសារធាតុគីមី (១៥០,០០០​ដុល្លារ) និងឧបករណ៍តន្រ្តី (១១០,០០០ដុល្លារ)៕