(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបពីព័ត៌មានសម្ងាត់ប្រាប់ដល់ប្រមុខការទូត និងអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន នៅក្នុងជំនួបកាលពីថ្ងៃពុធសប្ដាហ៍មុន នៅឯសេតវិមាន ខណៈដែលនយោបាយអាមេរិកកំពុងជួបភាពចម្រូងចម្រាស់ ក្រោយនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) ត្រូវបានគេបណ្ដេញចេញពីតំណែង។ នេះបើតាមកាសែត Washington Post ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០១៧។
កាសែត Washington Post ផ្អែកលើសម្តីមន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ទៀតថា ព័ត៌មានសម្ងាត់ដែលលោក ដូណាល់ ត្រាំ បានបង្ហើបប្រាប់ដល់ប្រមុខការទូត និងអគ្គរដ្ឋទូតរុស្ស៊ី គឺមានជាប់ពាក់ព័ន្ធនឹងក្រុម ISIS ព្រមទំាងព័ត៌មានសម្ងាត់ ដែលត្រូវបានចែកចាយតែក្នុងរង្វង់នៃបណ្តាប្រទេសសម្ព័ន្ធមិត្តអាមេរិកតែប៉ុណ្ណោះ ដោយទីក្រុងវ៉ាស៊ីនតោន ពិតជាមិនអាចធ្វើការចែកចាយបន្តនោះឡើយ។
មន្ត្រីរូបនេះដដែលថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងដូច្នេះថា «លោកប្រធានាធិបតីបាន បង្ហើបព័ត៌មានជាច្រើន ប្រើបា្រស់ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក ដល់អគ្គរដ្ឋទូតរុស្ស៊ី ហើយដែលព័ត៌មានទំាងនេះ យើងចែករំលែកតែជាមួយសម្ព័ន្ធមិត្តរបស់យើងតែប៉ុណ្ណោះ។ ជាងនេះទៅទៀត ព័ត៌មានទំាងនេះភាគច្រើនមានជាប់ពាក់ព័ន្ធនឹង ការគំរាមកំហែងពីពួកភេរវករ ISIS និងការប្រើប្រាស់ កុំព្យូទ័រយួរដៃនៅលើយន្ដហោះជាដើម។ ប៉ុន្តែយ៉ាងណាក៏ដោយ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក HR McMaster បានអះអាងថា សេចក្ដីរាយការណ៍ខាងលើគឺជារឿងមិនពិត។
គួររំលឹកថា ជំនួបរវាងលោក ដូណាល់ ត្រាំ ជាមួយប្រមុខការទូតរុស្ស៊ី លោក Sergueï Lavrov និងអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Sergueï Kisliak ធ្វើឡើងកាលពីថ្ងៃពុធសប្ដាហ៍មុន នៅឯសេតវិមាន ដែលវាបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានបណ្ដេញនាយក FBI លោក James Comey ចេញពីតំណែង ខណៈលោកកំពុងស៊ើបអង្កេតលើទំនាក់ទំនង រវាងក្រុមយុទ្ធនាការឃោសនារបស់ លោក ដូណាល់ ត្រាំ ជាមួយមន្ត្រីទូតរុស្ស៊ី៕