(ប៉ារីស)៖ ប្រធានាធិបតីបារាំងទើបជាប់ឆ្នោត លោក Emmanuel Macron បានតែងតាំងលោក Edouard Philippe ជានាយករដ្ឋមន្ត្រីថ្មី។ ខាងក្រោមនេះជាព័ត៌មានសំខាន់ៗ ពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីថ្មីរូបនេះ៖
ស្ថិតក្នុងវ័យ៤៦ឆ្នាំ ធ្វើឱ្យលោក Edouard Phillippe មិនមានវ័យចំណាស់ជាងប្រធានាធិបតី Emmanuel Macron ពេកនោះទេ ព្រោះលោក Macron មានវ័យ៣៩ឆ្នាំ ដែលធ្វើឱ្យលោកក្លាយជាប្រធានាធិបតីវ័យក្មេងជាងគេ ក្នុងចំណោមប្រធានាធិបតីទាំងអស់ របស់ប្រទេសបារាំង ។
លោក Philippe បានរៀបការជាមួយស្ត្រីម្នាក់ឈ្មោះ Edith ជាគ្រូបង្រៀនប្រចាំសកលវិទ្យាល័យ Po Sciences ហើយមានកូនបីនាក់។
លោកជាមនុស្សដែលចាប់អារម្មណ៍ទៅលើវិស័យកីឡាប្រដាល់ជាខ្លាំង។ អ្វីដែលអ្នកនឹកស្មានមិនដល់ គឺលោកធ្លាប់មានអាជីពជាអ្នកប្រដាល់បីដងក្នុងមួយសប្តាហ៍ ហើយបានប្រកបរបរបែបនេះ អស់រយៈពេលពីរឆ្នាំកន្លះ ដែលការពិតនេះត្រូវបានបង្ហើបឡើងដោយគ្រូប្រដាល់ម្នាក់ ដែលបានលើកសរសើរលោកថា ជាមនុស្សពូកែអត់ធ្មត់ និងមានបច្ចេកទេសល្អ។ លោកក៏ជាមនុស្សដែលចាប់អារម្មណ៍ទៅលើតន្ត្រី និងខ្សែភាពយន្តផងដែរ។
កាលពីឆ្នាំ២០១០កន្លងទៅនេះ លោក Philippe ធ្លាប់ធ្វើជាចៅហ្វាយក្រុង Le Havre និងជាសមាជិករបស់សភាជាតិ។ លោក Philippe បានកើតក្នុងតំបន់ ភាគខាងជើងប្រទេសបារាំង គឺក្នុងទីក្រុង Rouen តំបន់ Normandy។
លោកបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Sciences-Po បន្ទាប់មកក្នុងឆ្នាំ១៩៩៧ ទើបលោកបន្តការសិក្សានៅសាលា Ecole Nationale d'Administration (ENA) ដូចគ្នានឹងប្រធានាធិបតីថ្មីរបស់បារាំងផងដែរ។ សូមជម្រាបថា សាលា Ecole បច្ចុប្បន្នមានមូលដ្ឋាននៅ Strasbourg ដែលអតីតជាសាលារបស់មេដឹកនាំជាច្រើនរបស់បារាំង ក្នុងនោះរួមទាំងលោក Francois Hollande ផងដែរ។
ដោយលោកទទួលបានការណែនាំចង្អុលផ្លូវពីគ្រូបង្រៀនជាច្រើន ទើបជីវិតនយោបាយរបស់លោកចាប់ផ្តើមឡើង ជាមួយនឹងបក្សសង្គមនិយម។ នៅពេលសិក្សានៅសកលវិទ្យាល័យ Sciences Po លោកទទួលឥទ្ធិពល ព្រមទាំងជួយធ្វើយុទ្ធនាការសម្រាប់លោក Michel Rochard ផងដែរ ដែលកាលនោះលោក Michel ជានាយករដ្ឋមន្ត្រីក្រោមការដឹកនាំ របស់ប្រធានាធិបតី បែបសង្គមនិយមលោក Francois Mitterrand ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩១។
ក្នុងបទសម្ភាសន៍មួយពាក់ព័ន្ធនឹងបញ្ហានេះ លោកបានបញ្ជាក់ថា «ដោយខ្ញុំបានធំធាត់ឡើង និងហ៊ុព័ទ្ធដោយរបបនយោបាយបែបឆ្វេងនិយម ស្របពេលដែល លោក Michel Rocard ជាមនុស្សប្រជាធិបតេយ្យសង្គមនិយម ហេតុនេះលោកពិតជាស្របគ្នានឹងខ្ញុំជាខ្លាំង»។ ប៉ុន្តែនៅពេលលោក Rocard បាត់បង់ដំណែងជាមេដឹកនាំបក្សសង្គមនិយម លោក Philippe ចាប់ផ្តើមងាកទៅរកបក្សស្តាំនិយមវិញម្តង។
យោងតាមសារព័ត៌មានបារាំងបានឱ្យដឹងថា នាយករដ្ឋមន្ត្រីថ្មីរូបនេះ ធ្លាប់មានបញ្ហាម្តងជាមួយនឹងអាជ្ញាធរជាន់ខ្ពស់ ស្តីពីតម្លាភាពក្នុងជីវិតសាធារណៈហៅកាត់ថា HATVP កាលពីឆ្នាំ២០១៤កន្លងទៅនេះ ដោយលោកមិនបានផ្តល់សេចក្តីប្រកាសពេញលេញអំពីទ្រព្យសម្បត្តិរបស់លោកឡើយ។
បើទោះបីជាធ្លាប់ទទួលការក្រើនរំលឹកជាញឹកញាប់ពីស្ថាប័ន HATVP លោក Philippe នៅតែបដិសេធក្នុងការផ្តល់ការវាយតម្លៃ ទៅទ្រព្យសម្បតិ្តរបស់លោក។ ចំពោះបញ្ហានេះ ផ្ទុយគ្នាជាខ្លាំងនឹងពាក្យសន្យារបស់ប្រធានាធិបតី Macron ដោយប្រធានាធិបតីរូបនេះបានសន្យាថា នឹងធ្វើឱ្យមានភាពស្អាតស្អំក្នុងចំណោម អ្នកនយោបាយប្រទេសបារាំង។
ក្នុងឆ្នាំ២០១៥កន្លងទៅនេះ លោក Philippe បានបង្ហាញខ្លួនក្នុងនាមជាកូនប្រុស ដែលគោរពតាមពាក្យសន្យាម្នាក់ ដោយលោកបានហែលឆ្លងទឹក Bassin du Commerce នៅ Le Havre ដើម្បីអបអរសាទរការបង្រួបបង្រួមគ្នា នៃតំបន់ពីរ នៅ Normandy ជាលទ្ធផលលោក Francois Hollande បានរុះរើផែនទីរដ្ឋបាលប្រទេសបារាំងសាជាថ្មី។ ជាភ័ព្ធសំណាងដែលពេលនោះទឹកមិនត្រជាក់ពេក គឺមានសីតុណ្ហភាព ១៦ដឺក្រេ។
ខណៈដែលលោក Macron បានសរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថា «បដិវត្តន៍» រួមជាមួយនឹងសៀវភៅបីក្បាលផ្សេងទៀត លោក Philippe ក៏បានសរសេរសៀវភៅពីរក្បាលផងដែរ ដែលមានចំណងជើងជាភាសាបារាំងថា «L'Heure de Vérité and Dans l'ombre»។
ក្នុងបទសម្ភាសន៍ជាមួយ កាសែត L’Opinion កាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ លោកបានលើកឡើងថា «ក្នុងកែវភ្នែករបស់ខ្ញុំ មានលោក Macron ដល់ទៅពីរនាក់ នោះគឺ Macron ដែលមានឯកទេសខាងនិយាយ តែគ្មានឯកទេសក្នុងការអនុវត្តន៍»។ លោកបន្តថា «លោក Macron អាចសន្យាបានគ្រប់រឿង តែមិនទទួលខុសត្រូវលើគ្រប់រឿងនោះទេ»។
ប៉ុន្តែយ៉ាងនេះក្តី លោក Philippe និងលោក Macron ជាមនុស្សដែលមានចំណុចស្របគ្នាច្រើន ជាពិសេសផ្នែកទ្រឹស្តី។ កាលពីឆ្នាំ២០១៦កន្លងទៅនេះ លោក Philippe បានថ្លែងក្នុងបទសម្ភាសន៍ថា« ការគិតលោក Macron មានលក្ខណៈស្រដៀងគ្នានឹងខ្ញុំរហូត ដល់ប្រហែល៩០ភាគរយ»៕