(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទម្សិលមិញនេះបាននិយាយថា ខ្លួននឹងដឹកនាំការបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីបជាបន្តបន្ទាប់គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយមិនខ្វល់ឡើយពីដំណោះស្រាយអង្គការសហប្រជាជាតិ និងការព្រមានរបស់សហរដ្ឋអាមេរិក។ នេះបើតាមអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំទីក្រុង ប៉េកាំង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងចំពោះមុខអ្នកសារព័ត៌មាន អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំទីក្រុងប៉េកាំង លោក Ji Jae Ryong បានបញ្ជាក់យ៉ាងខ្លីថា៖ «កូរ៉េខាងជើងនឹងធ្វើតេស្ដសាក ល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM គ្រប់ពេលវេលា គ្រប់ទីកន្លែង ឱ្យតែមានបទបញ្ជាពីមេដឹកនាំលោក គីម ជុងអ៊ុន»។
ការលើកឡើងបែបនេះ របស់លោក Ji Jae Ryong ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយទីក្រុងព្យុងយ៉ាង ប្រកាសពីជោគជ័យនៃការបាញ់សាកល្បងមីស៊ីល រយៈចំងាយមធ្យមទៅឆ្ងាយ ប្រភេទ Hwasong-12 អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ កាលពីថ្ងៃអាទិត្យ ដោយវាហោះបានរយៈកម្ពស់ ២.១១១,៥គីឡូម៉ែត្រ និងរត់បានចំងាយ ៧៨៧ គីឡូម៉ែត្រ។ ដោយឡែកពាក់ព័ន្ធនឹងទង្វើផ្គើននេះដែរ តបតាមសំណើរបស់សហរដ្ឋអាមេរិក និងជប៉ុន ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ នឹងបើកកិច្ចប្រជុំជាបន្ទាន់នៅថ្ងៃអង្គារស្អែកនេះ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក)។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលចេញពីតំបន់ Kusong ស្ថិតនៅចំងាយជិត១០០គីឡូម៉ែត្រ ពីភាគពាយ័ព្យទីក្រុងព្យុងយ៉ាង ទំនងជាដើម្បីចង់ ធ្វើតេស្ដប្រតិកម្មប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក Moon Jae in ដែលទើបតែបានបង្ហាញពីបំណងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង។ កូរ៉េខាង ជើងជារឿយៗ តែងតែព្រមានកម្ទេចសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ហើយថែមទាំងចោទប្រកាន់ថា ទីក្រុងវ៉ាស៊ីនតោន ជាអ្នកជំរុញឱ្យឧបទ្វីបកូរ៉ ស្ថិត នៅមាត់ជោះនៃសង្រ្គាម ដោយសារតែការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង និងជប៉ុន៕