(ម៉ានីល)៖ គណៈកម្មាធិការសភាហ្វីលីពីន នៅថ្ងៃចន្ទនេះ បានសម្រេចចិត្តជាឯកច្ឆ័នទាត់ចោលពាក្យបណ្ដឹងស្នើសុំទម្លាក់លោកប្រធានាធិបតី រ៉ូទ្រីហ្គោ ឌូតើតេ ពីអំណាចជាប្រធានាធិបតី ដោយសំអាងថា គ្មានមូលដ្ឋានគ្រប់គ្រាន់ ហើយថាមិនគួរត្រូវបានលើកមកជជែកសារជាថ្មីទៀតនោះទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០១៧។
យោងតាមពាក្យបណ្ដឹងខាងលើរបស់លោក Gary Alejano ដែលជាសមាជិកក្រុមតំណាងរាស្ត្រភាគតិច បានចោទប្រកាន់លោក ឌូតើតេ ថា បាន ប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ រួមមានទំាងការបិទបាំងទ្រព្យសម្បត្តិ ការបង្គាប់ឱ្យប៉ូលិសម្លាប់ មនុស្សក្រៅប្រព័ន្ធតុលាការ នៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀន ព្រមទំាងគ្មានឆន្ទៈពិតប្រាកដ ក្នុងការការពារដែនអធិបតេយ្យភាពហ្វីលីពីន នៅឯតំបន់សមុទ្រចិនខាងត្បូង ជាទីដែលកំពុងមានជម្លោះ ជាមួយចិន។ ក៏ប៉ុន្តែការទាត់ចោលពាក្យបណ្ដឹងនេះ មិនបានធ្វើឱ្យគេគ្រប់គ្នាភ្ញាក់ផ្អើលនោះឡើយ ខណៈគេបានទាយទុកលទ្ធផលជាមុនរួចទៅ ហើយ ត្បិតមានសមាជិកសភាហ្វីលីពីនភាគច្រើនគំាទ្រ លោក ឌូតើតេ។
ដោយឡែកជុំវិញ ការសម្រេចចិត្តនេះដែរ លោក Gary Alejano បានថ្លែងថា ការសម្រេចចិត្តពីគណៈកម្មាធិការសភា ធ្វើឡើងផ្អែកលើប្រជាប្រិយ ភាពរបស់លោកឌូតើតេ ហើយថានឹងត្រូវទទួលខុសត្រូវចំពោះការវិលត្រឡប់ទៅរករបបផ្ដាច់ការ។ «ខ្ញុំធានាចំពោះអ្នកថា បើសិនជាយើងបណ្ដោយឱ្យ ប្រធានាធិបតី អនុវត្តអំណាចរំលោភលើរដ្ឋធម្មនុញ្ញ ... ហើយបើសិនជាយើងអនុញ្ញាតឱ្យរឿងបែបនេះ កើតឡើងនៅពេលអានាគត់ នោះហ្វីលីពីន នឹងវិលត្រឡប់ទៅរករបបផ្ដាច់ការសាជាថ្មី»។ នេះគឺជាសម្ដី លោក Gary Alejano៕