(សិង្ហបុរី)៖ រដ្ឋាភិបាល និងបណ្ដាក្រុមហ៊ុនមួយចំនួននៅអាស៊ីបានអះអាងថា ពួកគេបាន និងកំពុងទទួលរងគ្រោះដោយសារការវាយប្រហារព័ត៌មាន តាមរយៈកម្មវិធីមេរោគមួយប្រភេទដែលក្រុមអ្នក Hacker ប្រើសម្រាប់ជំរិតទារប្រាក់នោះគឺ WannaCry ransomware ហើយទន្ទឹមគ្នានេះ ក្រុមអ្នកជំនាញព័ត៌មានវិទ្យាបានក៏ព្រមាន ពីផលប៉ះពាល់ធ្ងន់ធ្ងរចំពោះអ្នកប្រើប្រាស់កុំព្យូទ័រប្រភេទ Window របស់ក្រុមហ៊ុន Microsoft ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០១៧។
មេរោគ ransomware បានបង្កផលប៉ះពាល់ដល់កំព្យូទ័រចំនួន ២០០,០០០គ្រឿង នៅក្នុងប្រទេសច្រើនជាង១៥០ តាមរយៈអ៊ីម៉ែល (សារអេ ឡិចត្រូនិច) ដោយវាយប្រហារទៅប្រព័ន្ធកុំព្យូទ័ររបស់រោងចក្រ មន្ទីរពេទ្យ ហាងទំនិញ និងសាលារៀនជាដើម។ «ការវាយប្រហារព័ត៌មានវិទ្យា ដោយប្រើកម្មវិធី ransomware អនុវត្តន៍ឡើងតាមរយៈសារអេឡិចត្រូនិច ដែលជាឧទាហរណ៍គឺក្រុម Hacker បានឃាត់ទុកសារមួយចំនួនរបស់អ្នកប្រើប្រាស់ ហើយបន្ទាប់មកពួកគេនឹងផ្ញើសារទារប្រាក់ ជាថ្នូរហ្នឹងការបើកឯកសារនោះឡើងវិញ»។ នេះបើតាមអ្នកជំនាញព័ត៌មានវិទ្យាមកពីក្រុមហ៊ុន Network Box មានមូលដ្ឋានក្នុងទីក្រុងហុងកុង លោក Michael Gazeley។
គួរបញ្ជាក់ថា បើតាមលោក Michael Gazeley ក្រុមហ៊ុនធំៗជាច្រើននៅអាស៊ី បានរងគ្រោះដោយសារកម្មវិធីមេរោគ ransomware ប៉ុន្តែអ្វីដែលពួកគេត្រូវធ្វើគឺបង្ហាញវាជាសាធារណៈ និងទទួលស្គាល់វា។ បច្ចុប្បន្នក្រុមជំនាញពាក់ព័ន្ធផ្នែកបច្ចេកវិទ្យាកំពុងតែព្យាយាមស្វែងយក់បន្ថែម និងរកវិធីដោះស្រាយបញ្ហា ដែលបានផ្ទុះឡើងចាប់តាំងពីអំឡុងខែមេសាមកនេះ៕