(សង្ហបុរី)៖ ប្រទេសសិង្ហបុរីនៅឆ្នាំ២០១៧នេះ បានរៀបចំពិធីត្រួតពិនិត្យផ្នែកនាវាចរអន្តរជាតិ ដែលមានការចូលរួមពីនាវាចម្បាំងនានាមកពីបណ្តាប្រទេសចំនួន ២០ ដែលបានបញ្ជូននាវាចម្បាំងរបស់ពួកគេ មកសំចតនៅកំពង់ផែអន្តរជាតិ Changi នៃប្រទេសសិង្ហបុរី ដើម្បីអនុញ្ញាតឲ្យអ្នកត្រួតពិនិត្យថ្នាក់អន្តរជាតិ ធ្វើការអង្កេតអំពីកម្លាំងនៃវិស័យនាវាចរ និងកងទ័ពជើងទឹករបស់បណ្តាប្រទេសនានា ជាការត្រៀមបញ្ចេញប្រតិបត្តិការ ការពារសន្តិសុខក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០១៧។
សម្រាប់ការត្រួតពិនិត្យនោះដែរ គឺនឹងត្រូវធ្វើឡើងទៅលើដំណើរការព្យុហយាត្រា, ការពិនិត្យមើលមូលដ្ឋានដីគោក, ការត្រួតពិនិត្យមូលដ្ឋានលើដែនសមុទ្រជាដើម ដោយមានការចូលរួមពីនាវាចម្បាំងចំនួន ៤៦គ្រឿង និងយន្តហោះ ០៤គ្រឿង មកពីបណ្តាប្រទេសចំនួន ២១ ដែលក្នុងនោះសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ។
ចំពោះបណ្តាប្រទេសដែលកំពុងចូលរួមមានដូចជា អាមេរិក, ចិន, រុស្ស៊ី, បារាំង, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, ថៃ, ស្រីលង្កា, ឥណ្ឌា, អូស្ត្រាលី, នូវែលសេឡង់, ជប៉ុន, កូរ៉េខាងត្បូង, មីយ៉ាន់ម៉ា, ហ្វីលីពីន, កាណាដា, ប៉ាគីស្ថាន, វៀតណាម, បង់ក្លាដែស, និងព្រុយណេ។ ការធ្វើឡើងនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសជាមិត្តទាំងអស់ ឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់នៃផ្នែកសន្តិសុខក្នុងតំបន់ ដូច្នេះមានតែការរួបរួមគ្នាជាធ្លុងមួយដោយឥតប្រកែកបានប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាប្រឈមនានាបាន៕