Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាជិកសភាហ្វីលីពីន ដាក់ពាក្យបណ្តឹងស្នើសុំទម្លាក់លោកប្រធានាធិបតីហ្វីលីពីន ចេញពីតំណែង ដោយចោទប្រកាន់ថា បានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ

15-05-2017 13:05

(ម៉ានីល)៖ សមាជិកសភាហ្វីលីពីន នៅថ្ងៃច័ន្ទនេះបានចាប់ផ្តើមពិនិត្យមើលលើពាក្យបណ្ដឹងស្នើសុំទម្លាក់ លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតើតេ ចេញពីដំណែង សម្រាប់ការចោទប្រកាន់ថា បានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ និងមានទំនោរងាកទៅរកចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០១៧។

យោងតាមពាក្យបណ្ដឹងខាងលើ របស់លោក Gary Alejano ដែលជាសមាជិកក្រុមតំណាងរាស្ត្រភាគតិច បានចោទប្រកាន់លោក ឌូតើតេ ថាបាន ប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ រួមមានទំាងការបិទបាំងទ្រព្យសម្បត្តិ ការបង្គាប់ឱ្យប៉ូលិសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ នៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀន ព្រមទំាងគ្មានឆន្ទៈពិតប្រាកដ ក្នុងការការពារដែនអធិបតេយ្យភាពហ្វីលីពីន នៅឯតំបន់សមុទ្រចិនខាងត្បូង ដែលកំពុងមានជម្លោះជាមួយចិន។

គួរបញ្ជាក់ថា គណៈកម្មធិការសភាហ្វីលីពីន នឹងធ្វើការសម្រេចចិត្តថា តើពាក្យបណ្ដឹងនេះមានទម្ងន់ ឬអាចដាក់បន្ទុកលើលោក ឌូតើតេ បានឬក៏យ៉ាងណា មុននឹងត្រូវឆ្លងកាត់ការសម្រេចចិត្តតាមរយៈការបោះឆ្នោតពីអង្គសភា និងព្រឹទ្ធសភា។ តែយ៉ាងណាក៏ដោយ អ្នកនយោបាយហ្វីលីពីនមួយចំនួនធំ រួមទំាងលោក Gary Alejano ខ្លួនឯង ក៏ទំនងជាដឹងនៅក្នុងចិត្តទៅហើយថា ពាក្យបណ្ដឹងនេះនឹងត្រូវបានទាត់ចោលដោយសារតែ លោក ឌូតើតេ នៅតែមានប្រជាប្រិយភាព នៅក្នុងចំណោមសមាជិកសភាភាគច្រើន និងប្រជាជនហ្វីលីពីន៕