(ប៉េកាំង)៖ ប្រទេស អារ៉ាប៊ី សាអូឌីត និងរុស្ស៊ី បានព្រមព្រៀងគ្នា​អូសបន្លាយរយៈពេល នៃការកាត់បន្ថយ​ការផលិតប្រេងឆៅ​របស់ខ្លួន រហូតដល់​ខែមីនា ឆ្នាំ២០១៨ ហើយដែលការ​សម្រេចចិត្តនេះ ធ្វើឡើងនៅក្នុង​ក្របខណ្ឌនៃកិច្ចខិតខំ​ប្រឹងប្រែង​ ធ្វើឱ្យមានតុល្យភាព​ឡើងវិញតម្លៃប្រេង​ឆៅនៅលើ ទីផ្សារ​ពិភពលោក។ នេះបើតាមសម្តីរដ្ឋមន្ត្រីប្រេងប្រទេសទំាងពីរ ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​រួមដ៏ខ្លី​នៅឯទីក្រុងប៉េកាំង រដ្ឋមន្ត្រីប្រេងប្រទេស អារ៉ាប៊ី សាអ៊ូឌីត លោក Khalid al-Falih បានឱ្យដឹងថា ការកាត់បន្ថយ​ការផលិតប្រេងឆៅ នឹងត្រូវធ្វើឡើង​តាមរយៈពេល​កំណត់ដូចគ្នា ដូចមានចែង​នៅក្នុងកិច្ចព្រមព្រៀង។ រីឯរដ្ឋមន្រ្តីប្រេងរុស្ស៊ី លោក Alexandra Novak ក៏បាននិយាយផងដែរថា ការកាត់បន្ថយនេះ​នឹងចូលរួមចំណែក​ធ្វើឱ្យតម្លៃប្រេងឆៅ​នៅលើទីផ្សារ​ពិភពលោក មានតុល្យភាព​ឡើងវិញ។

គួររំលឹកថា អនុឡោមតាមកិច្ចព្រមព្រៀង​បច្ចុប្បន្ន បណ្ដាប្រទេស​នៃអង្គការនាំចេញប្រេង​ពិភពលោក ឬហៅការថា OPEC រួមទាំងរុស្ស៊ី​បានសន្យាថា នឹងកាត់បន្ថយ​ការផលិតប្រេងឆៅ​របស់ពួកគេ យ៉ាងហោចណាស់ឱ្យបាន ១.៨លានបារ៉ែល ក្នុងមួយថ្ងៃនៃរយៈពេលពាក់កណ្ដាលឆ្នាំ​ដំបូង៕