(អាហ្វ្រិក)៖ មនុស្សយ៉ាងហោចណាស់ ០៣នាក់បានស្លាប់ មានជាប់ពាក់ព័ន្ធនឹងវីរុស Ebola ដែលត្រូវបានគេសង្ស័យថា កំពុងរាតត្បាតសាជាថ្មីនៅឯតំបន់សាច់ស្រយាលមួយកន្លែង ស្ថិតនៅភាគខាងជើងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខណៈក្រុមមន្ត្រីសុខាភិបាលបានធ្វើដំណើរទៅ កាន់ប្រទេសក្នុងតំបន់អាហ្រ្វិកកណ្ដាលមួយនេះ ដើម្បីរកវិធានការឆ្លើយតបទៅនឹងការកើនឡើងករណីវីវុស Ebola។ នេះបើតាមអង្គការរបាយការណ៍ពីមន្ត្រីនៃសុខភាពពិភពលោក WHO ដកស្រង់ដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០១៧។
យោងតាមអង្គការ WHO ជនរងគ្រោះទាំង០៣នាក់ខាងលើ មកពីតំបន់សុខភិបាល Likati នៃខេត្ត Bas-Uele ស្ថិតនៅជាប់ព្រំដែនជាមួយសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។ ជាមួយគ្នានោះដែរ ក្រុមអាជ្ញាធរសុខភិបាលកំពុងស្រាវជ្រាវ និងចាត់វិធានការទប់ស្កាត់ជាបណ្ដើរៗហើយ ដោយក្នុងនោះរួមមានទំាងការធ្វើតេស្ដ និងព្យាបាល ឬក៏ដាក់ឱ្យនៅឆ្ងាយពីគេឯង រាល់អ្នកជំងឺណាដែលសង្ស័យថា បានឆ្លងវីរុស Ebola។
គួរបញ្ជាក់ថា នៅចន្លោះពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ វីរុស Ebola ៨១៥ករណីត្រូវបានគេរកឃើញ ហើយពីរភាគបីនៃអ្នកឆ្លងវីរុសនេះ បានបាត់បង់ជីវិត។ បើគិតនៅក្នុងអំឡុងឆ្នាំ២០១៤ ជាពេលដែល Ebola រីករាលដាលខ្លាំង ប្រជាជនប្រមាណ ១១,៣០០នាក់បានស្លាប់ និង២៨,០០០នាក់ឆ្លង Ebola នៅក្នុងប្រទេសអាហ្រិ្វកខាងលិច ដូចជា ហ្គីណេ (Guinea), សៀរ៉ា ឡេអូន (Sierra Leone) និងលីបេរីយ៉ា (Liberia)៕