(ប៉េកាំង)៖ ដូចទម្លាប់សព្វដង ចិនបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់មានការអត់ធ្មត់ និងបញ្ចៀសឱ្យបានរាល់ការធ្វើសកម្មភាពទំាងឡាយណា ដែលបង្កឱ្យស្ថានភាពកាន់តែស្មុគស្មាញ បន្ទាប់ពីកូរ៉េខាងជើង បាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងកាលពីថ្ងៃអាទិត្យ។ នេះបើតាមក្រសួង ការបរទេសចិន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០១៧។
ក្រសួងការបរទេសចិន នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានលើកឡើងដូច្នេះថា «ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខបានបង្ហាញយ៉ាង ច្បាស់ស្ដីពីការបាញ់សាកល្បងមីស៊ីលផ្លោងពីសំណាក់កូរ៉េខាងជើង ហើយទីក្រុងប៉េកាំង ជំទាស់ចំពោះសកម្មភាពបែបនេះ ដែលផ្ទុយទៅនឹង ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ។ ក៏ប៉ុន្តែស្របពេលស្ថានភាពនៅលើឧបទ្វីបកូរ៉េបច្ចុប្បន្ន កំពុងជួបភាពស្មុគស្មាញស្រាប់ភាគីទាំងអស់ គួរតែរក្សាការអត់ធ្មត់ ព្រមទាំងជៀសវាងរាល់សកម្មភាពបង្កឱ្យស្ថានភាពកាន់តែស្មុគស្មាញ»។
ដោយឡែក ជុំវិញការសាកល្បងមីស៊ីលនេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae In បានកោះប្រជុំជាបន្ទាន់ក្រុមមន្ត្រីសន្តិសុខជាតិ និងបានថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់ សាកល្បងមីស៊ីផ្លោងពីកូរ៉េខាងជើង។ «បើទោះជាយើងកំពុងស្វែងរកកិច្ចចរចាក៏ដោយ តែយើងក៏គួរតែបង្ហាញកូរ៉េខាងជើងឱ្យដឹងដែរថា វាអាចធ្វើទៅបានលុះត្រាតែកូរ៉េខាងជើង ផ្លាស់ប្ដូរអាកប្បកិរិយាខ្លួនឯងជាមុនសិន»។ នេះជាសម្ដីលោក Moon Jae In។
គួរបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលចេញពីតំបន់ Kusong ស្ថិតនៅចំងាយជិត ១០០គីឡូម៉ែត្រពីភាគពាយ័ព្យទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យដោយវាអាចហោះបានរយៈកម្ពស់ ២.១១១គីឡូម៉ែត្រ និងរត់បានចំងាយ ៧៨៧គីឡូម៉ែត្រ។ រីឯសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងធ្វើការវិភាគលើសមត្ថភាព និងភាពជោគជ័យនៃការធ្វើតេស្ដមីស៊ីល ជាលើកដំបូងក្រោយលោក Moon Jae In ជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង៕