(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខ UN នឹងបើកកិច្ចប្រជុំជាបន្ទាន់មួយនៅសប្ដាហ៍នេះ ដើម្បីពិភាក្សាស្ដីពីការចាត់វិធានការបន្ទាន់ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមប្រភពការទូតជាច្រើន ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០១៧។
ការកោះប្រជុំជាបន្ទាន់នេះ ធ្វើឡើងតបតាមសំណើរបស់សហរដ្ឋអាមេរិក និងជប៉ុន រីឯអ៊ុយរ៉ាហ្គាយ ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខ នៅក្នុងខែឧសភានេះបានសម្រេចចិត្តថា នឹងបើកកិច្ចប្រជុំនៅថ្ងៃអង្គារ (ម៉ោងនៅក្នុងទីក្រុងញូយ៉ក ត្រូវនឹងថ្ងៃពុធសប្តាហ៍នេះពេលវេលានៅកម្ពុជា)។ ជាមួយគ្នានោះដែរ អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Nikki Haley បានសរសេរនៅលើ Twitter ផ្ទាល់ខ្លួនដូច្នេះថា «វាមិនមានហេតុផលណាមួយ ដែលអាចការពារសកម្មភាពរបស់កូរ៉េខាងជើងនោះទេ ...វាគឺជាការគំរាមកំហែងយ៉ាងពិតប្រាកដ»។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ UN បានអនុម័តលើសេចក្ដីថ្លែងការណ៍ចំនួន០៥ នៅក្នុងឆ្នាំ២០១៧នេះ ដោយថ្កោលទោស ការបាញ់សាកល្បងមីស៊ីលកូរ៉េខាងជើង។ ម្យ៉ាងវិញទៀតការបាញ់សាកល្បងមីស៊ីលកាលពីថ្ងៃអាទិត្យ ត្រូវបានអ្នកជំនាញមួយចំនួនមើលឃើញថា ជាការ ធ្វើតេស្ដប្រតិកម្មរបស់ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក Moon Jae in ដែលបានពីបង្ហាញពីបំណងស្វែងរកកិច្ចចរចា ក៏ដូចជាបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង៕