(កូរ៉េខាងជើង)៖ កូរ៉េខាងជើងប្រកាសថា មីស៊ីលរយៈចំងាយឆ្ងាយ (Ballistic) ដែលបាញ់សាកល្បងនៅថ្ងៃអាទិត្យម្សិលមិញ ទទួលបានជោគជ័យដោយធ្លាក់នៅក្នុងសមុទ្រក្បែរប្រទេសរុស្ស៊ី អាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយមុននេះបន្តិចនាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថា ការបាញ់សាកល្បងមីស៊ីល Hwasong-12 កាលពីថ្ងៃអាទិត្យ បានទទួលជោគជ័យ ក្រោមការបញ្ជាដោយផ្ទាល់ពី មេដឹកនាំលោក គីម ជុងអ៊ុន ហើយដែលគ្រាប់មីស៊ីលនេះទៀតសោត អាចនឹងមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ បាញ់ដល់ទឹកដីអាមេរិក។ ក៏ប៉ុន្តែក្រុមអ្នកជំនាញអាមេរិក និងកូរ៉េខាងត្បូង មិនទាន់ធ្វើការបញ្ជាក់អ្វីនៅឡើយទេ ខណៈពួកគេកំពុងវិភាគលើសមត្ថភាពគ្រាប់ មីស៊ីលប្រភេទនេះ ដែលទីក្រុងព្យុងយ៉ាង អះអាងថា ហោះបានរយៈកម្ពស់ ២.១១១,៥គីឡូម៉ែត្រ និងរត់បានចំងាយ៧៨៧គីឡូម៉ែត្រ។
គួរបញ្ជាក់ថា កូរ៉េខាងជើង បានបាញ់មីស៊ីលចេញពីតំបន់ Kusong ស្ថិតនៅចំងាយជិត១០០គីឡូម៉ែត្រ ពីភាគពាយព្យទីក្រុងព្យុងយ៉ាងកាល ពីថ្ងៃអាទិត្យ ពោលគឺនេះគឺជាសកម្មភាពបង្ករឿងលើកដំបូងបំផុត ក្រោយប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក Moon Jae in ឡើងកាន់តំណែង និងបង្ហាញពីបំណងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង៕