(សេអ៊ូល)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានប្រាប់ទៅកាន់សមភាគីកូរ៉េខាងត្បូងលោក មូន ចែអ៊ីន ដែលទើបតែជាប់ឆ្នោតថ្មីៗ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយនាថ្ងៃសុក្រនេះថា រូបលោកបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីដើរតួនាទីស្ថាបនាដ៏សំខាន់មួយ ក្នុងការដោះស្រាយបញ្ហាគំរាមកំហែងអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍ របស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង លោកប្រធានាធិបតីរុស្ស៊ី បានធ្វើការអត្ថាធិប្បាយយ៉ាងដូច្នេះ បន្ទាប់ពីលោក មូន ចែអ៊ីន បានលើកឡើងថាកិច្ចការដែលចាំបាច់មុនគេបំផុត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ គឺការពង្រឹងទំនងទំនងយុទ្ធសាស្រ្តទ្វេភាគី សំដៅស្វែងរកដំណោះស្រាយ ដើម្បីទប់ទល់ការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ម៉្យាងវិញទៀត ក្នុងអំឡុងកិច្ចសន្ទនារយៈពេល ប្រមាណជា២០នាទីនេះ មេដឹកនាំទាំងពីរក៏បានឆ្លៀតឱកាសអញ្ជើញគ្នា ធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅវិញទៅមកថែមទៀតផង។
សូមរំលឹកផងដែរថា កាលពីដើមខែឧសភានេះ មានសេចក្តីរាយការណ៍មួយបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបំផ្ទុះគ្រាប់មីស៊ីលផ្លោងរបស់ខ្លួនដោយចេតនា នៅក្នុងអំឡុងការធ្វើតេស្តបរាជ័យកាលពីចុងខែមេសាកន្លងទៅ ដោយសារតែមីស៊ីលផ្លោងនោះបានរត់ខុសគោលដៅ ឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី៕