(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ មេទ័ពអ៊ីរ៉ាក់ប្រកាសទាំងជំនឿជឿជាក់ថា នឹងវាយរំដោះទីក្រុងម៉ូស៊ូលពីកណ្តាប់ដៃ ISIS ឲ្យបានទាំងស្រុងមុនថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ ពោលគឺនៅមុនខែដែលសាសនិកអ៊ីស្លាម ធ្វើការប្រារព្ធពិធីបុណ្យរ៉ាម៉ាដាន់។
២៖ នាយកស្ដីទី FBI ប្រាប់សភាអាមេរិកថា ការសម្រេចចិត្តដ៏ចម្រូងចម្រាស់ក្នុងការបញ្ចប់តួនាទី នាយក FBI លោក James Comey នឹងមិនធ្វើឱ្យរាំងស្ទះដល់ការស៊ើបអង្កេត ពាក់ព័ន្ធនឹងការចោទប្រកាន់ថា រុស្ស៊ីលូកដៃចូលក្នុងកិច្ចការបោះឆ្នោត អាមេរិកកាលពីឆ្នាំ២០១៦ នោះឡើយ។
៣៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រេចលក់សព្វាវុធដែលមានតម្លៃសរុបប្រហែលពីរពាន់លានដុល្លារ ទៅឲ្យប្រទេស អេមីរ៉ាត់ អារ៉ាប់រួម។
៤៖ អតីតមន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក George W. Bush ឲ្យដឹងថាអាមេរិកឈ្លានពានអ៊ីរ៉ាក់នៅឆ្នាំ២០០៣ គឺដើម្បីផ្តួលរំលំរបប លោក សាដដាំ ហូស្សេន មិនមែនដើម្បីលទ្ធិប្រជាធិបតេយ្យនោះទេ។
៥៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លើកឡើងថា កូរ៉េខាងជើងគឺជាការគំរាមកំហែងដ៏ខ្លាំងបំផុតដល់ សហរដ្ឋអាមេរិកជាមួយនឹងការចំរើនទៅមុខ នៃសមត្ថភាពអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង។
៦៖ អាមេរិកនិងចិន ព្រមព្រៀងគ្នាលើការនាំចូលផលិតផលសាច់ និងសេវាហិរញ្ញវត្ថុ ក្រោយជំនួបដ៏វិជ្ជមានរវាងលោក ត្រាំ និងលោក ស៊ី។
៧៖ កូរ៉េខាងជើង បញ្ចេញបញ្ជីឈ្មោះជនសង្ស័យអាមេរិក-កូរ៉េខាងត្បូង ក្នុងគម្រោងលួចធ្វើឃាតលោក គីម ជុងអ៊ុន៕