(អ៊ីស្លាម៉ាបាដ)៖ យ៉ាងហោចណាស់មនុស្ស ១០នាក់ស្លាប់ និងជាង២០នាក់រងរបួស បន្ទាប់ពីកើតមានករណីបំផ្ទុះគ្រាប់ដ៏កក្រើកមួយនៅស្រុក Mustung ភាគនិរតីនៃប្រទេសប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។
សារព័ត៌មានក្នុងស្រុកប៉ាគីស្ថានបានចេញផ្សាយថា នៅក្នុងចំណោមមនុស្សរងរបួសទាំងអស់ មានម្នាក់គឺជាអនុប្រធានព្រឹទ្ធសភាប៉ាគីស្ថាន លោក Molana Abdul Ghafoor Haideri ដែលការរងរបួសនេះក៏ព្រោះតែលោក និងមន្ត្រីមួយចំនួនបានធ្វើដំណើរឆ្លងកាត់ស្រុក Mustung នៃខេត្តបាឡូជីស្ថានភាគនិរតីប្រទេស ហើយក៏ត្រូវបានរងការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកតែម្តង។
លោក Haideri បានប្រាប់អ្នករាយការណ៍ព័ត៌មានតាមទូរស័ព្ទថា «ខ្លួនខ្ញុំពោរពេញដោយឈាម ប៉ុន្តែខ្ញុំមិនអីទេ»។ ភ្លាមៗបែបនេះ មិនមានសេចក្តីរាយការណ៍ណាមួយ អំពីជនឬក្រុមដែលស្ថិតនៅពីក្រោយការវាយប្រហារខាងលើនេះឡើយ ខណៈប៉ូលិសកំពុងបើកការស៊ើបអង្កេត៕