ប្រធានាធិបតីតួកគី «នឹងទៅបំពេញទស្សនកិច្ចសហរដ្ឋអាមេរិក នាសប្តាហ៍ក្រោយនេះ» ដែលស្ថិតក្នុងគោលដៅ ធ្វើឲ្យទំនាក់ទំនងប្រសើរឡើងវិញ!
12-05-2017 17:17
(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃសុក្រនេះបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិក នៅសប្ដាហ៍ក្រោយនេះ នឹងក្លាយជាការចាប់ផ្ដើមថ្មីមួយនៃទំនាក់ទំនងរវាងប្រទេសទំាងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។
ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ាបានស្គាល់ភាពតានតឹងជាថ្មី ដោយសារតែការខ្វែងគំនិតជាច្រើន ជុំវិញគោលនយោបាយស្ដីពីស៊ីរី និងរដ្ឋប្រហារនៅតួកគីកាលពីខែកក្កដា ឆ្នាំ២០១៦។ ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុននេះ សហរដ្ឋអាមេរិក បានប្រកាសពីគំរោងផ្ដល់អាវុធដល់ក្រុមឧទ្ទាមឃើដស៊ីរី YPG ដើម្បីប្រយុទ្ធប្រឆាំងនឹងពួក ISIS ប៉ុន្តែការសម្រេចចិត្តនេះ ធ្វើឱ្យតួកគីអាក់អន់ស្រពោនចិត្តមិនតិចនោះទេ ពីព្រោះតួកគីចាត់ទុកថា YPG គឺជាខែ្សបណ្ដាញក្រុមឧទ្ទាមឃើដ PKK ដែលត្រូវបានទីក្រុងអង់ការ៉ា សហរដ្ឋអាមេរិក និងអឺរ៉ុប ហៅថាជាអង្គការភេរវកម្ម។
ទាក់ទិននឹងបញ្ហានេះដែរ លោក Erdogan បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកនៅតែបន្តឆ្លងកាត់ដំណាក់កាលអន្តរកាលនៅឡើយ រីឯការសម្រេចចិត្តដូចជាការផ្ដល់អាវុធឱ្យ YPG គួរតែត្រូវបានដកចេញពីនយោបាយអាមេរិក»។
គួរបញ្ជាក់ថា លោក Erdogan នឹងត្រូវជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ពីថ្ងៃទី១៦-១៧ ខែឧសភាខាងមុខនេះ៕