(សេអ៊ូល)៖ គណៈកម្មាធិការកិច្ចការបរទេសកូរ៉េខាងជើង បានផ្ញើលិខិតតវ៉ាមួយច្បាប់ទៅកាន់សភាអាមេរិក ដើម្បីសម្ដែងការជំទាស់ទៅនឹងការអនុម័ត ច្បាប់ដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ នេះបើតាមសារព័ត៌មានកូរ៉េខាងជើង KCNA ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅរសៀលថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។
កាលពីសប្ដាហ៍មុនសភាអាមេរិក បានអនុម័តលើច្បាប់ដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ដោយមានគោលដៅ ទៅលើការនាំចូលប្រេងឥន្ធនៈរបស់កូរ៉េខាងជើង ការនាំចេញពលករទៅក្រៅប្រទេស រួមទំាងការធ្វើនាវាចរអន្តរជាតិជាដើម ហើយច្បាប់នេះទៀតសោត នឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា អនុម័ត។ ដោយឡែកទាក់ទិននឹងទណ្ឌកម្មនេះដែរ នៅក្នុងការបញ្ចេញប្រតិកម្មជាផ្លូវការជាលើកដំបូង ចាប់តំាងពីត្រូវបានបង្កើតឡើងវិញកាលពីខែមេសា គណៈកម្មាធិការកិច្ចការបរទេសកូរ៉េខាងជើង បានថ្កោលយ៉ាងខ្លាំង និងទាត់ចោលច្បាប់នេះ ដោយបញ្ជាក់នៅក្នុងលិខិតតវ៉ាដូច្នេះថា «ច្បាប់ដាក់ទណ្ឌកម្មអនុម័ត ដោយសភាអាមេរិក គឺជាទង្វើឃោរឃៅ និងអមនុស្សធម៌ ព្រមទាំងរំលោភលើដែនអធិបតេយ្យភាពកូរ៉េខាងជើង និងគោលការណ៍ជាសកល មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃ។ ដូច្នេះកូរ៉េខាងជើង នឹងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ចំពោះសកម្មភាពបន្ទាប់របស់ សហរដ្ឋអាមេរិក ក៏ដូចជាបន្តចាត់វិធានការស្របច្បាប់ដើម្បីការពារខ្លួនឯង ប្រឈមមុខនឹងគោលនយោបាយអរិភាពអាមេរិក ប្រឆាំងនឹងកូរ៉េខាងជើង»។
គួរបញ្ជាក់ថា គណៈកម្មាធិការកិច្ចការបរទេសកូរ៉េខាងជើង ត្រូវបានបង្កើតឡើងវិញកាលពីថ្ងៃទី១១ ខែមេសា បន្ទាប់ពីគ្មានសកម្មភាពអស់រយៈពេលជាង ១៩ឆ្នាំមកហើយ រីឯអតីតរដ្ឋមន្ត្រីការបរទេស លោក Ri Su-yong បានជាប់ឆ្នោតក្លាយជាប្រធានដឹកនាំគណៈកម្មាធិការមួយនេះ៕