(រ៉ូម)៖ អាជ្ញាធរអ៊ីតាលីបានឲ្យដឹងថា គ្រាប់បែកកែឆ្នៃមួយគ្រាប់បានផ្ទុះឡើងនៅក្បែរប៉ុស្តិ៍ប្រៃសណីយ៍មួយកន្លែង ស្ថិតនៅចំកណ្តាលបេះដូងនៃទីក្រុងរ៉ូម ក្នុងប្រទេសអ៊ីតាលី ខណៈប៉ូលិសកំពុងតែបើកការស៊ើបអង្កេតបន្ទាន់លើរឿងនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Independent នៅរសៀលថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា គ្រឿងផ្ទុះខាងលើនេះត្រូវបានគេបង្កប់នៅចន្លោះរថយន្តចំនួនពីរគ្រឿង ដែលចតចោលនៅក្នុងកន្លែងចតរថយន្តមួយកន្លែងក្នុងតំបន់ Via Marmorata ភាគកណ្តាលទីក្រុងរ៉ូមតែម្តង ហើយនាពេលភ្លាមៗពុំមានសេចក្តីរាយការណ៍ បញ្ជាក់ពីមនុស្សរងគ្រោះដោយសារហេតុការណ៍នេះឡើយ ដោយមានត្រឹមតែរថយន្តមួយគ្រឿងរងការខូចខាតប៉ុណ្ណោះ។
បន្ថែមពីនេះ ក៏មិនទាន់មានសេចក្តីរាយការណ៍ ឬមន្ត្រីរដ្ឋាភិបាលអ៊ីតាលីចេញមុខអះអាងថា ព្រឹត្តិការណ៍ខាងលើនេះ អាចជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មដែរ ឬមួយក៏អត់នោះដែរ៕