(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងជើងនាថ្ងៃសុក្រនេះ បានបញ្ចេញបញ្ជីឈ្មោះនៃបុគ្គល ដែលរបបដឹកនាំទីក្រុងព្យុងយ៉ាងបានអះអាងថា មានជាប់ពាក់ព័ន្ធនៅក្នុងគម្រោងការណ៍ដ៏ខ្មៅងងឹតមួយ របស់ទីភ្នាក់ងារអាមេរិកនិងកូរ៉េខាងត្បូង ដើម្បីលួចធ្វើឃាតមេដឹកនាំកំពូលផុតលេខលោក គីម ជុងអ៊ុន ហើយកូរ៉េខាងជើងក៏បានទាមទារ ឲ្យមានការប្រគល់ខ្លួនឧក្រិដ្ឋជនទាំងនោះផងដែរ។ នេះបើតាមការចេញផ្សាយដោយសារទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។
ការិយាល័យរដ្ឋអាជ្ញាសាធារណៈមជ្ឈិម នៃប្រទេសកូរ៉េខាងជើង បានបញ្ចេញបញ្ជីឈ្មោះនៃជនសង្ស័យ សរុបចំនួនបួននាក់ រួមមានទាំងនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង លោក Lee Byong-ho ផងដែរ ហើយបានបញ្ជាក់ថាខ្លួននឹងមិនលើកលែងឲ្យបុគ្គលទាំងអស់នេះជាដាច់ខាត។ ជាមួយគ្នានេះ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងជើង បានប្រកាសអំពីការចោទប្រកាន់របស់ពួកគេជាផ្លូវការ នៅក្រោមក្រមព្រហ្មទណ្ឌនៃប្រទេសកុម្មុនិស្តមួយនេះ ដោយអំពាវឲ្យមានការប្រគល់ខ្លួនបុគ្គលទាំងបួនរូបជាបន្ទាន់ ពីសំណាក់ទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៊ីនតោន។
គួរបញ្ជាក់ថាកាលពីសប្ដាហ៍មុន សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចោទប្រកាន់ថាទីភ្នាក់ងារ CIA និងកូរ៉េខាងត្បូង បាននិងកំពុងដឹកនាំគំរោងលួចធ្វើ ឃាតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយប្រើសារធាតុគីមីពុល ក៏ប៉ុន្តែការអះអាងនេះពុំអាចត្រូវបញ្ជាក់បានថាជាការពិតនោះឡើយ ស្របពេលដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានទាត់ចោលការចោទប្រកាន់ទាំងអស់៕