(វ៉ាស៊ីនតោន)៖ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានព្រមព្រៀងគ្នាថា នឹងពង្រីកការធ្វើពាណិជ្ជកម្មសាច់គោ និងសាច់មាន់ ព្រមទាំងបើកទូលាយសិទ្ធិឲ្យដំណើរនៃក្រុមហ៊ុនហិរញ្ញវត្ថុ ដែលវាគឺជាផ្នែកមួយនៃគម្រោងការ ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជាមួយនឹងប្រទេសចិន។ នេះបើតាមការឲ្យដឹងពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិក លោក Wilbur Ross ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន Reuters នៅរសៀលថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។
ប្រទេសទាំងពីរបានឯកភាពគ្នាថា ចិននឹងផ្តល់ការអនុញ្ញាតចំពោះការនាំចូលផលិតផលសាច់គោ មិនឲ្យយឺតយ៉ាវជាងថ្ងៃទី១៦ ខែកក្កដា ខាងមុខនោះឡើយ ហើយនៅពេលវេលាកំណត់នេះដដែលនេះ ភាគីអាមេរិកបានឲ្យដឹងថា ខ្លួននឹងដាក់ចេញសំណើរនៃបទបញ្ញត្តិមួយ ដើម្បីអនុញ្ញាតផលិតសាច់មាន់ដែលឆ្អិនស្រាប់របស់ចិន ឲ្យធ្វើការនាំចូលមកកាន់ទីផ្សារសហរដ្ឋអាមេរិក។ បន្ថែមពីនេះរដ្ឋាភិបាលទីក្រុងប៉េកាំង ក៏នឹងអនុញ្ញាតក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុអាមេរិក មានឱកាសប្រកួតប្រជែងស្មើភាពនៅក្នុងប្រទេសចិនផងដែរ។
យ៉ាងណាមិញកិច្ចព្រមព្រៀងខាងលើ គឺជាសមិទ្ធិផលជាក់ស្តែងដំបូងបំផុត បានមកពីកិច្ចពិភាក្សាស្តីពីវិស័យពាណិជ្ជកម្ម ដែលបានចាប់ផ្តើមកាលពីខែមេសាកន្លងទៅ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានជួបទល់មុខគ្នា នៅក្នុងរដ្ឋផ្លូរីដា ដើម្បីធ្វើការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ៕