(តៃប៉ិ)៖ តៃវ៉ាន់នឹងបន្តទិញអាវុធពីសហរដ្ឋអាមេរិក ហើយដែលការទិញនេះនឹងជំរុញកំណើនការងារក្នុងរដ្ឋយ៉ាងតិច០៦ របស់សហរដ្ឋអាមេរិក ព្រមទំាងអាចកាត់បន្ថយគម្លាតពាណិជ្ជកម្មទ្វេភាគី រវាងភាគីទំាងពីរ បើទោះជាការធ្វើបែបនេះ នឹងធ្វើឱ្យទីក្រុងប៉េកាំង ខឹងច្រឡោតខ្លាំងក៏ដោយ។ នេះបើតាមរដ្ឋាភិបាលកោះតៃវ៉ាន់ ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។
យោងតាមរដ្ឋាភិបាលកោះតៃវ៉ាន់ គំរោងបន្តទិញអាវុធនេះនឹងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ ក៏ដូចជាបង្កើនការងារនៅក្នុងរដ្ឋចំនួន ០៦ របស់សហរដ្ឋអាមេរិកដូចជារដ្ឋ Alabama, Arizona, Florida, Utah, Ohio រដ្ឋ Pennsylvania។ ចំណែកឯក្រុមហ៊ុនអាមេរិកដូចជា Raytheon Co, Lockheed Martin Co, Boeing Co, Sikorsky និង BAE Systems PLC ក៏នឹងទទួលបានផលចំណេញពីគំរោងនេះដែរ តាមរយៈការលក់ ប្រព័ន្ធខែលការពារមីស៊ីល, ឧទ្ធម្ភាគចក្រប្រយុទ្ធ, យន្តហោះចម្បាំង, និងយានយន្តយោធាជាច្រើនប្រភេទទៀត។
គួរបញ្ជាក់ថា គិតពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ កោះតៃវ៉ាន់គឺជាអតិថិជនទី០៧ ដែលទិញអាវុធច្រើនជាងគេពីសហរដ្ឋអាមេរិក ហើយបើគិតជា មធ្យមការទិញអាវុធនេះ មានតម្លៃដល់ជាង២ពាន់លានដុល្លារ ប្រចំាឆ្នាំនីមួយៗ។ ទោះបីជាយ៉ាងណាក៏ដោយ ចិនតែងតែថ្កោលទោសជារឿយៗចំពោះ ពាណិជ្ជកម្មអាវុធរវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ត្បិតទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។ ប៉ុន្តែជាក់ស្ដែងសួរថា មិនឱ្យតៃវ៉ាន់ទិញអាវុធពីសហរដ្ឋអាមេរិក យ៉ាងមេចទៅរួច បើចិនដាក់ពង្រាយមីស៊ីលជាង ១,៥០០ដើម ក្បែរក្បាលទៅកាន់កោះតៃវ៉ាន់រួចជាស្រេច នៅរង់ចាំតែការចុចប៊ូតុងបញ្ជាតែប៉ុណ្ណោះ នៅក្នុងករណីកោះតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ៕