(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA កំពុងតែគិតគូរពិចារណាលើគោលគំនិតមួយចំនួន សម្រាប់បេសកកម្មសិក្សាស្រាវជ្រាវក្នុងប្រព័ន្ធព្រះអាទិត្យ នាថ្ងៃអនាគតរបស់ខ្លួន ដែលនឹងចាប់ផ្តើមនៅក្នុងអំឡុងពាក់កណ្តាលទសវត្សវ៍ឆ្នាំ២០២០។ នេះបើតាមការដកស្រង់ការផ្សាយចេញពីគេហទំព័រវិទ្យាសាស្រ្ត Space.com នៅរសៀលថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។
សំណើរបេសកកម្មទាំង១២ គឺជាផ្នែកនៃកម្មវិធី New Frontiers របស់អង្គការ NASA ដែលមានកម្មវត្ថុដើម្បីបញ្ចូនយានស្រាវជ្រាវ ពោរពេញដោយមហិច្ឆតាខ្ពស់ ឲ្យទៅធ្វើការរុករកក្នុងប្រព័ន្ធព្រះអាទិត្យ ជាមួយនឹងការចំណាយមិនលើសពីមួយពាន់លានដុល្លារនោះឡើយ។
បេសកកម្ម New Frontiers ពីមុនៗរួមមានយានអវកាស New Horizons ដែលបានធ្វើការហោះឆ្វែលទៅកៀកភពមិនពេញលក្ខណៈ ភ្លុយតូ កាលពីឆ្នាំ២០១៥, យាន Juno ដែលកំពុងបន្តការសិក្សាស្រាវជ្រាវ នៅភពព្រហស្បតិ៍, និងយានអវកាស OSIRIS-REx ដែលនឹងធ្វើដំណើរទៅកាន់អាចម៍ផ្កាយ Bennu ហើយនាំយកគំរូតាងផ្សេងៗ ដែលវាប្រមូលបានវិលត្រឡប់មកកាន់ភពផែនដីវិញ។
មន្រ្តីអង្គការ NASA លោក Thomas Zurbuchen បានថ្លែងថា បេសកកម្ម New Frontiers ថ្មី គឺសំដៅឆ្លើយបកស្រាយអំពីចម្ងល់ធំៗ និងសំខាន់ៗនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនាបច្ចុប្បន្ននេះ ដោយបន្តលើចំណេះដឹងដែលយើងទទួលបានពីបេសកកម្មមុនៗ ដើម្បីជំរុញការរុករកក្នុងទីអវកាសឲ្យកាន់តែអស្ចារ្យថែមទៀត។
គួរបញ្ជាក់ថា ទីភ្នាក់ងារអវកាសអាមេរិកមិនបានបញ្ជាក់ ឲ្យដឹងអំពីព័ត៌មានលម្អិតនៃសំណើបេសកកម្ម New Frontiers ចំនួន១២នេះឡើយ ក៏ប៉ុន្តែក្រុមមន្រ្តី NASA បានបង្ហើបថា សំណើនីមួយៗស្ថិតក្រោមប្រធានបទមួយក្នុងចំណោមប្រធានបទចំនួន ០៦ រួមមានដូចជា Coment Surface Sample Return, Lunar South Pole-Aitken Basin Sample Return, Saturn Probe, Trojan Tour and Rendezvous, និងជាចុងក្រោយ Venus In Situ Explorer ហើយអង្គការ NASA នឹងប្រកាសអំពីការជ្រើសសំណើមួយ ឬច្រើន សម្រាប់ការសិក្សាស្រាវជ្រាវដំណាក់កាលដំបូង Phase A នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧៕