(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោក Daniel Coats បាននិយាយថា កូរ៉េខាងជើងគឺជាការគំរាមកំហែងដ៏ខ្លាំងបំផុតដល់ សហរដ្ឋអាមេរិកជាមួយនឹងការចំរើនទៅមុខ នៃសមត្ថភាពអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុហាប់ នៅរសៀលថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងនៅចំពោះមុខគណៈកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភា លោក Daniel Coats បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កូរ៉េខាងជើងគឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត ដល់សន្តិសុខជាតិអាមេរិក ដោយសារតែការរីកចំរើនទៅមុខមិនអាចប្រកែកបាន នៃសមត្ថភាពអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ហើយ នេះនឹងក្លាយជាយុទ្ធសាស្ត្រឈ្លានពានរបស់មេដឹកនាំ គីម ជុងអ៊ុន ដែលកំពុងព្យាយាមបង្ហាញថា ខ្លួនមានសមត្ថភាពវាយប្រហារសហរដ្ឋអាមេរិក ដោយអាវុធនុយក្លេអ៊ែរ»។
ទោះបីជាយ៉ាងណាក៏ដោយ ការលើកឡើងបែបនេះ លោក Daniel Coats ហាក់ដូចជាមានបំណងដាស់តឿន ពីការគំរាមហែងរបស់ទីក្រុងព្យុងយ៉ាង ប្រាប់ទីក្រុងសេអ៊ូល ខណៈប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក មូន ជេអ៊ីន បង្ហាញពីបំណងចង់ផ្សះផ្សានឹងកូរ៉េខាងជើង ដែលនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ ផលប្រយោជន៍ជាយុទ្ធសាស្ត្រអាមេរិកនៅក្នុងតំបន់។ បើសិនជា កូរ៉េខាងជើង និងកូរ៉េខាងត្បូង មានថ្ងៃណាមួយត្រូវរ៉ូវគ្នាមែននោះ កងទ័ពអាមេរិកនៅកូរ៉េខាងត្បូង ក៏គ្មានហេតុផលអ្វីត្រូវបន្តឈរជើងនៅទីនោះទៀតដែរ ដែលនេះនឹងធ្វើឱ្យចិន កាន់តែសប្បាយចិត្ត ក្នុងការពង្រីកឥទ្ធិពលយោធារបស់ខ្លួននៅក្នុងតំបន់៕