(ម៉ូស្គូ)៖ ក្រុមនាវាចម្បាំងនៃកងអង្គភាពសមុទ្រខ្មៅរបស់ប្រទេសរុស្ស៊ី បានបង្កើនប្រតិបត្តិការជើងទឹកកាលពីឆ្នាំ២០១៦ ទ្វេដងបើធៀបទៅនឹងកាលពីឆ្នាំ២០១៥ ខណៈដែលបណ្តាសមាជិករបស់អង្គារ NATO ក៏ធ្វើការបង្កើនឥទ្ធិពលយោធាដូចគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។
លោក Alexander Vitko មេបញ្ជាការនៃកងអង្គភាពសមុទ្រខ្មៅ បានថ្លែងប្រាប់សារព័ត៌មានរបស់ក្រសួងការពារជាតិរុស្ស៊ីថា «កាលពីឆ្នាំ២០១៦ ក្រុមនាវាចម្បាំងក៏ដូចជានាវាជំនួយយោធានៃកងអង្គភាពសមុទ្រខ្មៅ បានចំណាយពេលវេលាស្ទើរតែទ្វេដង ក្នុងការធ្វើប្រតិបត្តិការផ្លូវទឹកនៅឯផ្ទៃសមុទ្រ បើប្រៀបធៀបជាមួយសកម្មភាពកាលពីឆ្នាំ២០១៥»។
គួរបញ្ជាក់ថា ការបង្កើនប្រតិបត្តិការរបស់កងអង្គភាពដ៏សំខាន់ នៃកងទ័ពជើងទឹករបស់រុស្ស៊ីនេះ ត្រូវបានធ្វើឡើងខណៈពេលដែលអង្គការ NATO បាននិងកំពុងបន្តបង្កើនវត្តមានយោធារបស់ខ្លួន នៅតំបន់អ៊ឺរ៉ុបខាងកើត និងដែនសមុទ្រខ្មៅ ចាប់តាំងតែពីវិបត្តភាគខាងកើតអ៊ុយក្រែន បានចាប់ផ្តើមកាលពីឆ្នាំ២០១៤។ ជុំវិញបញ្ហានេះ ទីក្រុងម៉ូស្គូបានព្រមានជាដដែលៗថា ការបង្កើនសកម្មភាពយោធារបស់ NATO នៅក្នុងតំបន់ អាចបង្កអស្ថិរភាពក្នុងតំបន់ផ្ទាល់ ក៏ដូចជាពិភពលោកទាំងមូល៕