(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនចូលឈ្លានពានអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣ មិនមែនដើម្បីនាំលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជនអ៊ីរ៉ាក់នោះទេ តែក្នុងគោលបំណងផ្ដួលរំលំរបបប្រធានាធិបតី លោក សាដដាំ ហូស្សេន (Saddam Hussein) តែប៉ុណ្ណោះ។ នេះបើតាមអតីតទីប្រឹក្សាសន្តិសុខជាតិ និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Condoleezza Rice ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងជំនួបមួយនៅឯវិទ្យាស្ថាន Brookings Institution ក្នុងរដ្ឋធានីវ៉ាស៊ីនតោន អតីតទីប្រឹក្សាសន្តិសុខជាតិ និងរដ្ឋមន្ត្រីការបរទេសអាមេរិក ជំនាន់អតីតប្រធានាធិបតី George W. Bush លោកស្រី Condoleezza Rice បាននិយាយដូច្នេះថា «យើងមិនមែនចូលក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បី នាំប្រជាធិបតេយ្យដល់ប្រជាជនអ៊ីរ៉ាក់នោះទេ តែគឺដើម្បីផ្ដួលរំលំរបបដឹកនាំ Saddam Hussein ...ហើយនេះគឺបានបង្កជាបញ្ហាសន្តិសុខ»។ ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Rice បានបដិសេធថា សហរដ្ឋអាមេរិកមិនបានប្ដេជ្ញាចិត្តប្រើប្រាស់កម្លាំងយោធា ក្នុងការនាំយកលទ្ធិប្រជាធិបតេយ្យ នៅអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣ ឬក៏អាហ្វហ្គានីស្ថាន នៅពេលដែលខ្លួនគ្រប់គ្រងប្រទេសមួយនេះ ក្នុងឆ្នាំ២០០១ឡើយ។
«ខ្ញុំមិនដែលប្រាប់ឱ្យលោកប្រធានាធិបតី Bush ប្រើប្រាស់កម្លាំងយោធា ដើម្បីដាក់លិទ្ធិប្រជាធិបតយេ្យនៅអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាននោះទេ»។ នេះបើតាមសម្ដីលោកស្រី Condoleezza Rice។
គួររំលឹកថា កាលពីឆ្នាំ២០០៣ សហរដ្ឋអាមេរិកបានចូលឈ្លានពានអ៊ីរ៉ាក់ ក្រោមហេតុផលរដ្ឋាភិបាល Saddam Hussein មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែក្រោយរបប Saddam Hussein ដួលរលំគេមិនបានរកឃើញអាវុធនុយក្លេអ៊ែរនោះទេ។ ជាងនេះទៅទៀត បើតាមសារព័ត៌មានជាច្រើន នៅពេលនោះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ក៏បានប្រាប់លោក Bush ដែរថា អ៊ីរ៉ាក់គ្មានអាវុធនុយក្លេអ៊ែរឡើយ តែប្រធានាធិបតីអាមេរិករូបនេះនៅតែបញ្ជាឱ្យ CIA សរសេរនៅក្នុងរបាយការណ៍របស់ខ្លួនថា អ៊ីរ៉ាក់របស់ Saddam Hussein មានអាវុធនុយក្លេអ៊ែរដដែល ត្បិត នៅក្នុងកែវភ្នែករបស់ លោក Saddam Hussein គឺជាអ្នកបញ្ឆេះចលនាជាតិនិយមអារ៉ាប់ ដែលនេះនឹងក្លាយជាឧបសគ្គដ៏ធំ ដល់ការពង្រីកឥទ្ធិពលអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា៕