(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចលក់សព្វាវុធដែលមានតម្លៃសរុបប្រហែលពីរពាន់លានដុល្លារ ទៅឲ្យប្រទេស អេមីរ៉ាត់ អារ៉ាប់រួម (UAE) ។ នេះបើតាមការឲ្យដឹងពីក្រសួងការពារជាតិអាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។
យោងតាមសេចក្តីថ្លែងការណ៍របស់ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការការពារសន្តិសុខជាតិ នៃមន្ទីរបញ្ចកោណ ដែលមាននាទីមើលការខុសត្រូវចំពោះការលក់អាវុធទៅឲ្យបរទេស របស់ប្រទេសមហាអំណាចពិភពលោកមួយនេះ ក្រសួងការបរទេសអាមេរិក បានឯកភាពចំពោះការលក់មីស៊ីល PAC-3 ចំនួន៦០គ្រាប់ និងមីស៊ីល GEMT-T ចំនួន១០០គ្រាប់ទៅឲ្យ UAE។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និង អេមីរ៉ាត់ អារ៉ាប់រួម បានក្លាយសម្ព័ន្ធមិត្តនយោបាយ ក៏ដូចជាដៃគូពាណិជ្ជកម្មដ៏ជិតស្និទ្ធនឹងគ្នា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ UAE គឺជាសមាជិកនៃកម្លាំងចម្រុះដឹកនាំដោយអាមេរិក ប្រឆាំងទៅនឹងក្រុមសកម្មប្រយុទ្ធ ISIS ខណៈទីក្រុងវ៉ាស៊ីនតោន ក៏ជួយគាំទ្រដល់កងម្លាំងចម្រុះដឹកនាំដោយ អារ៉ាប៊ី សាអូឌីត ដែលមាន UAE នៅក្នុងនោះដែរ ដើម្បីប្រឆាំងនឹងក្រុមឧទ្ទាម Houthi នៅក្នុងប្រទេសយេម៉ែន៕