(ស៊ីរី)៖ យោងតាមរបាយការណ៍ចុងក្រោយបំផុត របស់អង្គការអន្តរជាតិ វិបត្តិសង្រ្គាមដ៏បង្ហូរឈាម នៅក្នុងប្រទេសស៊ីរីបានបន្សល់ទុកមនុស្សចន្លោះពី ៣២១,០០០នាក់ដល់ ៤៧០,០០០នាក់បាត់បង់ជីវិត និងប្រមាណ ១១លាននាក់ស្ថិតក្រោមការភៀសខ្លួន ទាំងទៅក្រៅប្រទេស និងក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន News Week នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។
អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី ដែលមានមូលដ្ឋានក្នុងចក្រភពអង់គ្លេសបានឲ្យដឹងថា មនុស្សចំនួន ៣២១,០០០នាក់ រួមានប្រជាជនស៊ីវិល ៩៦,០០០នាក់ បានបាត់បង់អាយុជីវិត ដោយសារតែជម្លោះដ៏រ៉ាំរ៉ៃ នៅក្នុងប្រទេសនៃតំបន់មជ្ឈិមបូព៌ាមួយនេះ ដែលបានផ្ទុះឡើងកាលពី ០៦ឆ្នាំមុនមកម្ល៉េះ ខណៈមនុស្សចំនួន ១៤៥,០០០នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថា បាត់ខ្លួន។
ដោយឡែកប្រជាជនស៊ីរីជាង ១១លាននាក់ ដែលស្មើនឹង ៥០ភាគរយ នៃចំនួនប្រជាជនស៊ីរីសរុបនៅមុនពេលផ្ទុះសង្រ្គាម កំពុងស្ថិតក្នុងការភៀសខ្លួន ដោយនៅក្នុងចំណោមនោះ មនុស្សប្រហែល ៤.៨លាននាក់ ត្រូវបានបង្ខំឲ្យស្វែករកកន្លែងសុវត្ថិភាពនៅតាមបណ្តាប្រទេសជិតខាង ស្របពេលដែលនៅក្នុងប្រទេសស៊ីរីផ្ទាល់ ប្រជាពលរដ្ឋជាង ៦.៣លាននាក់បានបាត់បង់ទីជម្រកដើមរបស់ពួកគេ។
គួរបញ្ជាក់ថា សង្រ្គាមបង្ហូរឈាមនៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ បានចាប់ផ្តើមឡើងជាមួយការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដោយសំដៅចង់បានលទ្ធិប្រជាធិបតេយ្យដែលល្អប្រសើរជាងមុន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១១។ នៅពេលនោះរដ្ឋាភិបាលបានធ្វើការបង្រ្កាបយ៉ាងសាហាវព្រៃផ្សៃ ទៅលើក្រុមអ្នកតវ៉ា ហើយក្រុមឧទ្ទាមប្រដាប់អាវុធក៏បានចាប់ផ្តើមងើបឈរតបតទៅវិញ។ មួយវិញទៀតវាបានផ្តល់កំណើតក្រុមភេរវករ ISIS នៅក្នុងប្រទេសស៊ីរីរួមទាំងការប្រើប្រាស់អាវុធគីមី ភាពអត់ឃ្លាន ការធ្វើទណ្ឌកម្មដ៏ឃោរឃៅ និងការប្រហារជីវិតជាដើម៕