(វ៉ាស៊ីនតោន)៖ នាយកស្ដីទី FBI លោក Andrew McCabe បានប្រាប់សភាអាមេរិកថា ការសម្រេចចិត្តដ៏ចម្រូងចម្រាស់ក្នុងការបញ្ចប់តួនាទី នាយក FBI លោក James Comey នឹងមិនធ្វើឱ្យរាំងស្ទះដល់ការស៊ើបអង្កេត ពាក់ព័ន្ធនឹងការចោទប្រកាន់ថា រុស្ស៊ីលូកដៃចូលក្នុងកិច្ចការបោះឆ្នោត អាមេរិកកាលពីឆ្នាំ២០១៦ នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់លោក Andrew McCabe ធ្វើឡើងនៅចំពោះមុខគណៈកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភា កាលពីថ្ងៃព្រហស្បតិ៍។ ថ្លែងនាឱកាសនោះដែរ នាយកស្ដីទី FBI រូបនេះបានលើកឡើងយ៉ាងដូច្នេះថា «មកទល់ពេលនេះពុំមានអ្វីមករារំាង ដល់ការស៊ើបអង្កេតរបស់យើងឡើយ ហើយអ្នកក៏មិនអាចបញ្ឈប់បុគ្គលិកប្រុសស្រីនៃ FBI ដែលកំពុងធ្វើរឿងត្រឹមត្រូវបាននោះដែរ (...) រាល់ទីភ្នាក់ងារទាំងអស់ពាក់ព័ន្ធនឹងការស៊ើបអង្កេត នៅតែបន្តធ្វើការងាររបស់ពួកគេដដែល»។
សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានបណ្ដេញលោក James Comey ពីតំណែងកាលពីថ្ងៃអង្គារ ក្រោមហេតុផលគ្មានសមត្ថភាពដឹកនាំ FBI ឱ្យមានប្រសិទ្ធភាព។ ទោះបីជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះធ្វើឡើងក្រោយពេល លោក Comey ប្រាប់សភាអាមេរិកថា លោកបានរកឃើញ ប្រភពជាច្រើន ដែលជួយដល់ការស៊ើបអង្កេតជុំវិញទំនាក់ទំនង រវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក តាំ្រ ជាមួយរុស្ស៊ី។
ម្យ៉ាងវិញទៀតមួយរយៈចុងក្រោយនេះ បើជាទោះជាពុំមានការផ្លោងសម្ដីដាក់គ្នាខ្លាំងៗ រវាងលោក ត្រាំ និងលោក Comey ក៏ដោយក៏គេសង្កេតឃើញថា លោក Comey បានធ្វើសកម្មភាពមួយចំនួនប្រឆាំងនឹងលោក ត្រាំ ចំៗតែម្ដង។ សកម្មភាពទាំងនោះរួមមានទាំងការបើកការ ស៊ើបអង្កេតលើទំនាក់ទំនងរវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោត របស់ប្រធានាធិបតីអាមេរិករូបនេះ ជាមួយនឹងទីក្រុងម៉ូស្គូ ហើយនៅពេល ដែលលោក ត្រាំ ចោទថា លោក បារ៉ាក់ អូបាម៉ា បញ្ជាឱ្យគេលួចស្ដាប់លោកនិយាយទូរស័ព្ទ លោកបែរជាបដិសេធដោយអះអាងថា គ្មានភស្ដុតាង គ្រប់គ្រាន់ទៅវិញ៕