(បាកដាដ)៖ រដ្ឋាភិបាលអ៊ីរ៉ាក់កំពុងមានក្តីរំពឹងខ្ពស់ថា នឹងអាចវាយរំដោះតំបន់ភាគលិចនៃទីក្រុងម៉ូស៊ូលឲ្យរួចផុតពីកណ្តាប់ដៃក្រុមភេរវករ ISIS បានទាំងស្រុង នៅមុនបុណ្យរ៉ាម៉ាដាន់របស់សាសនាអ៊ីស្លាម ដែលនឹងចាប់ផ្តើមនាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។
អគ្គសេនាធិការចម្រុះនៃកងទ័ពអ៊ីរ៉ាក់ លោក Othman Ghanimi បានថ្លែងទាំងក្តីជឿជាក់ខ្ពស់ថា «កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ នឹងប្រកាសជ័យជម្នះលើក្រុមសកម្មប្រយុទ្ធ ISIS នៅក្នុងផ្នែកភាគលិចនៃទីក្រុងម៉ូស៊ូល នៅមុនខែដែលសាសនិកអ៊ីស្លាម ធ្វើការប្រារព្ធពិធីបុណ្យរ៉ាម៉ាដាន់»។ បច្ចុប្បន្ននេះ មានតែផ្នែកខាងលិចទីក្រុងម៉ូស៊ុលប៉ុណ្ណោះ ដែលមិនទាន់ត្រូវបានរំដោះ ដោយឡែកផ្នែកផ្សេងៗទៀតត្រូវបានគ្រប់គ្រងស្ទើរតែទាំងស្រុងទៅហើយ ដោយកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់។
គួរបញ្ជាក់ថា មនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិតព្រមទាំងរងរបួស នៅក្នុងការប្រយុទ្ធគ្នានៅក្នុងទីក្រុងម៉ូស៊ូល គិតចាប់តាំងពីយោធាអ៊ីរ៉ាក់ និងកងកម្លាំងចម្រុះគាំទ្រដោយសហរដ្ឋអាមេរិក បានចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីវាយរំដោះយកទីក្រុងនេះចេញពីកណ្តាប់ដៃរបស់ក្រុមភេរវករ ISIS កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦កន្លងទៅ៕
ក្តៅគគុក! មេទ័ពអ៊ីរ៉ាក់ប្រកាសថា «នឹងវាយរំដោះទីក្រុងម៉ូស៊ូលពីកណ្តាប់ដៃ ISIS» ឲ្យបានទាំងស្រុងមុនថ្ងៃទី២៧ ខែឧសភា!