(សេអ៊ូល)៖ អតីតមេធាវីការពារសិទ្ធមនុស្ស លោក Moon Jae-in បានទទួលជ័យជម្នះក្នុងការបោះឆ្នោត រហូតក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ។ ខាងក្រោមនេះ ជាគោលនយោបាយសំខាន់ៗ និងការសន្យារបស់លោក ដែលបានធ្វើឡើងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីពេលកន្លងទៅនេះ៖
* ប្រទេសកូរ៉េខាងជើង៖
លោក Moon បានរៀបចំគម្រោងជាថ្មីដ៏សមរម្យមួយ ក្នុងគោលដៅឈានទៅរកការសម្របសម្រួលជាមួយប្រទេសកូរ៉េខាងជើង និងក្នុងបំណងចង់ ធ្វើកំណែទម្រង់ជាថ្មីទៅលើគោលនយោបាយ« Sunshine Policy» ដោយប្តេជ្ញាថា នឹងកាត់បន្ថយភាពតានតឹង ព្រមទាំងធ្វើការរួមគ្នាដើម្បីកាត់បន្ថយ ការរីកសាយភាយនូវអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ដោយចាប់ផ្តើមឡើងវិញនូវកិច្ចចរចា៦ភាគី ដែលក្នុងនោះមានវត្ថមាន កូរ៉េទាំងពីរ ចិន សហរដ្ឋអាមេរិក រុស្ស៊ី និងជប៉ុន។ លោកក៏មានបំណងចង់ ពង្រីកការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច និងសង្គមរវាងប្រទេស កូរ៉េទាំងពីរផងដែរ។ លោក Moon បានបញ្ជាក់ថាលោកនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ប្រសិនបើកិច្ចប្រជុំកំពូលអាចកាត់បន្ថយភាព តានតឹងរវាងប្រទេសទាំងពីរ។
* គោលនយោបាយពហុផលិត៖
លោក Moon មានក៏មានបំណងចង់ធ្វើកំណែទម្រង់ ទៅលើគោលនយោបាយពហុផលិត (Chaebols) ផងដែរ ដែលជាប្រភេទក្រុមហ៊ុនដែលគ្រប់គ្រង ដោយគ្រួសារ ដែលបច្ចុប្បន្នកំពុងគ្របដណ្តប់លើសេដ្ឋកិច្ចធំជាងគេទីបួននៅតំបន់អាស៊ី។ ប្រធានាធិបតីថ្មីរូបនេះ បានលើកឡើងថា គោលនយោបាយ ពហុផលិតកាលពីមុន បានរារាំងដល់បណ្តាក្រុមហ៊ុនតូចៗ និងធ្វើឱ្យខូចប្រយោជន៍សេដ្ឋកិច្ចប្រទេសជាតិ។ លោកបានស្នើប្រព័ន្ធគ្រប់គ្រងថ្មីដែល មានលក្ខណៈតម្លាភាព និងប្រជាធិបតេយ្យជាងមុន។
* គោលនយោបាយការបរទេស៖
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោកបានប្តេជ្ញាថា នឹងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការការទូត និងសេដ្ឋកិច្ចជាមួយសម្ព័ន្ធសំខាន់ៗ និងប្រទេសជិតខាងដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន និងរុស្ស៊ីជាដើម។ ក្នុងពេលនោះដែរលោកបានសន្យាថា នឹងធ្វើយ៉ាងណាចាត់ទុក «ប្រយោជន៍ជាតិជាអាទិភាព»។ លោកថែមទាំងបានសរសេរក្នុងសៀវភៅមួយដែលបោះពុម្ភផ្សាយ កាលពីខែមករាកន្លងទៅនេះថា ប្រទេសកូរ៉េខាងត្បូង គួរតែរៀននិយាយពាក្យថា «ទេ ចំពោះអាមេរិក»។
* ប្រព័ន្ធការពារជាតិ៖
លោក Moon បានលើកឡើងថា រដ្ឋាភិបាលថ្មីគួរតែជាអ្នកធ្វើសេចក្តីសម្រេចចិត្តចុងក្រោយពាក់ព័ន្ធនឹង ការដាក់ពង្រាយប្រព័ន្ធចាប់ស្ទាក់មីស៊ីល របស់សហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថាជាប្រព័ន្ធ THAAD។ លោក Moon ក៏មានបំណងចង់ធ្វើកិច្ចប្រជុំកំពូលជាមួយប្រទេសចិន ដើម្បីដោះ ស្រាយបញ្ហាវិវាទពាក់ព័ន្ធនឹងប្រព័ន្ធចាប់ស្ទាក់នេះផងដែរ បន្ទាប់ពីចិន បានលើកឡើងថា ការដាក់ពង្រាយប្រព័ន្ធនេះគំរាមកំហែងដល់សន្តិសុខប្រទេស ចិន។
លោកក៏បានប្តេជ្ញាផងដែរថា នឹងបង្កើនសមត្ថភាពស្វ័យការពារជាតិដោយខ្លួនឯង ដែលគម្រោងនេះ មានដូចជា ការបញ្ជូនប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការ ធ្វើសង្គ្រាមពីសហរដ្ឋអាមេរិកមកកូរ៉េខាងត្បូង ព្រមទាំងដាក់ប្រព័ន្ធវាយប្រហារមួយដែលឈ្មោះថា« សម្លាប់ចិន»។ មិនតែប៉ុណ្ណោះក៏មានប្រព័ន្ធការពារ គ្រាប់មីស៊ីលផងដែរមានឈ្មោះថា «Korea Air និង Missile Defense»។
* គោលនយោបាយហិរញ្ញវត្ថុ៖
ប្រធានាធិបតីទើបជាប់ឆ្នោតរូបនេះ បានលើកឡើងថា លោកនឹងជម្រុញភ្លាមៗនូវកញ្ចប់ថវិកាបន្ថែមទៀត ដើម្បីបង្កើនចំនួនការងារ។ លោកបានបញ្ជាក់ថា កញ្ចប់ថវិកាអាចនឹងត្រូវបានបង្កើនចំនួន១០លានលានវុនបន្ថែម ទៅលើកញ្ចប់ថវិកាចាស់ដែលមានចំនួន៤០០លានលានវុន។ មិនតែប៉ុណ្ណោះលោក គ្រោងនឹងជម្រុញការដាក់វិនិយោគទុនលើទៅលើវិស័យទាំង១០ផ្សេងទៀតផងដែរ។
* ការងារ៖
លោក Moon បានបង្ហាញក្តីរំពឹងថា លោកមានបំណងចង់បង្កើតការងារ ជាង៥០០ពាន់ការងារថ្មីទៀតសម្រាប់ឆ្នំា២០១៧នេះ។ លោកមានបំណង ចង់បង្កើនការងារប្រមាណ ៨១០ពាន់ការងារ ក្នុងវិស័យសាធារណៈ ក្នុងរយៈពេលប្រាំឆ្នាំនៃអាណត្តិរបស់លោក ក្នុងនោះរួមមាន៥១៤ពាន់កន្លែង សម្រាប់ផ្នែកបម្រើសេវាកម្ម។
* តម្លើងប្រាក់ខែ៖
លោកក៏បានសន្យាផងដែរថា ក្នុងឆ្នាំ២០២០ខាងមុខ លោកនឹងបង្កើនប្រាក់ខែឱ្យបានទាបបំផុតត្រឹម១ម៉ឺនវុន(៨,៨៣ដុល្លារ)ក្នុងមួយម៉ោង ដែលពីមុនមួយម៉ោងបានត្រឹមតែ៦,៤៧០វុនប៉ុណ្ណោះ។ លោកថែមទាំងបានទាមទារកាត់បន្ថយម៉ោងការងារមកប្រហែល១,៨០០ ម៉ោងប៉ុណ្ណោះក្នុងមួយឆ្នាំ ដោយការងារពីមុនមនុស្សត្រូវធ្វើការប្រហែល២,១១៣ ម៉ោងក្នុងមួយឆ្នាំ។
* ប្រព័ន្ធសុខុមាលភាព៖
លោក Moon បានប្តេជ្ញាក្នុងការបង្កើនមូលដ្ឋានប្រាក់សោធនពី២០៦,០៥០ ទៅ៣០០,០០០វុន ក្នុងមួយខែសម្រាប់មនុស្សដែលមានវ័យចាប់ពី៦៥ឆ្នាំឡើង។ ប្រាក់សោធននេះនឹងត្រូវបានផ្តល់ដល់មនុស្សវ័យចំណាស់ដែលមានប្រាក់ចំណូលទាប។
មិនតែប៉ុណ្ណោះលោកក៏បានប្តេជ្ញាក្នុងការបង្កើនទ្វេដងនូវប្រាក់ខែសម្រាប់ម្តាយទើបសម្រាលកូនក្នុងរយៈប្រាំមួយខែដំបូងនៃការលំហែមាតុភាព ដោយបង្កើនពី១លានវុនក្នុងមួយខែមក២លានវុន(១៧៥៧ដុល្លារអាមេរិក) ក្នុងមួយខែវិញម្តង។
* បរិស្ថាន និងថាមពល៖
លោកប្រធានាធិបតី Moon បានប្តេជ្ញាក្នុងការបញ្ឈប់ការប្រើប្រាស់ថាមពលធ្យូងថ្ម និងនុយក្លេអ៊ែរ ដើម្បីរំសាយក្តីបារម្ភរបស់សាធារណជនពាក់ព័ន្ធ នឹងការបំពុល និងសុវត្ថិភាពបរិយាកាស។
* អំណាចប្រធានាធិបតី៖
ប្រធានាធិបតីទើបកាន់អំណាចរូបនេះ បានផ្លាស់ប្តូរទីទាំងការិយាល័យប្រធានាធិបតីពីវិមានរដ្ឋាភិបាលចាស់ ទៅតំបន់ភាគកណ្តាលទីក្រុង សេអ៊ូល ដើម្បីធ្វើកំណែទម្រង់ទៅលើប្រព័ន្ធអំណាចប្រធានាធិបតី។ លោកបានលើកឡើងនូវមតិបែបប្រឆាំងថា វិមានប្រធានាធិបតីដាច់ដោយឡែកពីគេ ដែលត្រូវបានគេស្គាល់ឈ្មោះថា វិមានខៀវនោះ បានរារាំងនូវទំនាក់ទំនងរវាងប្រធានាធិបតីជាមួយសារធារណជន។ លោកបន្តថា លោកនឹងបង្ហាញជា សាធារណៈនូវកាលវិភាគរបស់លោកជារៀងរាល់ថ្ងៃ ដើម្បីឱ្យប្រាកដថា មជ្ឈដ្ឋានទូទៅបានដឹងថា ប្រធានាធិបតីរបស់ពួកគេ មានភាពមមាញឹកជាប់ជានិច្ច៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា