(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទំនងជាអាចនឹងទៅទស្សនកិច្ច ទីស្នាក់ការកណ្ដាល FBI នៅប៉ុន្មានថ្ងៃខាង មុខនេះបន្ទាប់ពីលោកបានបង្កភាពភ្ញាក់ផ្អើលនិងព្យុះនយោបាយ ក្នុងសហរដ្ឋអាមេរិកសាជាថ្មី តាមរយៈការបណ្ដេញនាយក FBI លោក ជែម ខូមី (James Comey) ចេញពីតំណែង។ នេះបើតាមអ្នកនាំពាក្យសេតវិមាន ដកស្រង់ដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យរងសេតវិមាន លោកស្រី Sarah Huckers Sanders បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «ខ្ញុំជឿជាក់ថា លោកប្រធានាធិបតី នឹងទៅទស្សនកិច្ចទីស្នាក់ការកណ្ដាល FBI នៅប៉ុន្មានថ្ងៃខាងមុខនេះ»។ លោក ដូណាល់ ត្រាំ បានសម្រេចចិត្ត បណ្ដេញលោក ជែម ខូមី មានអាយុ៥៦ឆ្នាំចេញពីតំណែងកាលពីថ្ងៃអង្គារ តាមអនុសាសន៍របស់អគ្គរដ្ឋអាជ្ញា លោក Jeff Sessions ក្រោម ហេតុផលលោក ខូមី មិនមានសមត្ថភាពក្នុងការដឹកនាំ FBI ឱ្យមានប្រសិទ្ធិភាព។
តែយ៉ាងណាក៏ដោយ ការសម្រេចចិត្តនេះ ធ្វើឡើងនៅក្រោយពេល លោកខូមី ប្រាប់សភាអាមេរិកថាលោកបានរកឃើញប្រភពជាច្រើន ដែលជួយដល់ការស៊ើបអង្កេតជុំវិញទំនាក់ទំនងរវាងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោកតាំ្រ ជាមួយរុស្ស៊ី។ មួយវិញទៀត មួយ រយៈពេលចុងក្រោយនេះ បើជាទោះជាពុំមានការផ្លោងសម្ដីដាក់គ្នាខ្លាំងៗ រវាងលោក ត្រាំ និងលោក ខូមី ក៏ដោយ ក៏ប៉ុន្តែគេសង្កេតឃើញ ថាលោក ខូមី បានធ្វើសកម្មភាពមួយចំនួនប្រឆាំងនឹងលោក ត្រាំ ចំៗតែម្ដង។ សកម្មភាពទាំងនោះ រួមមានទាំង ការបើកការស៊ើបអង្កេតលើទំនាក់ទំនងរវាងក្រុមយុទ្ធនាការ ឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិករូបនេះ ជាមួយនឹងទីក្រុងមូស្គូ ហើយនៅពេលដែលលោក ត្រាំ ចោទថាលោក បារ៉ាក់ អូបាម៉ា បញ្ជាឱ្យគេលួចស្ដាប់លោកនិយាយទូរសព្ទ លោក ខូមី បែរជាបដិសេធ ដោយអះអាងថាគ្មានភស្ដុតាងគ្រប់គ្រាន់ទៅវិញ។
គួរបញ្ជាក់ថា ក្រោយឡើងកាន់អំណាចនៅថ្ងៃទី២០ ខែមករា គឺលោកដូណាល់ ត្រាំខ្លួនឯង គឺជាអ្នកស្នើសុំឱ្យលោក ខូមី កាន់តំណែងជា នាយក FBI ដដែល ត្បិតលោកបានសរសើរមិនដាច់ពីមាត់ថា លោក Comey ជាមនុស្សមានសមត្ថភាព និងគួរឱ្យគោរព៕