(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាព ប្រចាំថ្ងៃនេះមានអ្វីខ្លះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានសម្ដែងការអបអរសាទរ ដល់ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក មូន ជេអ៊ីន (Moon Jae-in) នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍នេះ។ នាឱកាសនោះដែរ អ្នកទាំងពីរ បានពិភាក្សាគ្នាជុំវិញភាពតានតឹងនៅលើតំបន់ ឧបទ្វីបកូរ៉េ កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលកំពុងស្គាល់ភាពតានតឹង ដោយសារការ ដាក់ពង្រាយប្រព័ន្ធមីស៊ីល THAAD៕
២៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA បានបង្កើតអង្គភាពពិសេសមួយទទួលបន្ទុកវាយតម្លៃ និងទប់ស្កាត់ការគំរាមកំហែង ពីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ ការប្រកាសពីការបង្កើតអង្គភាពថ្មីនេះធ្វើឡើងបន្ទាប់ពី អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំទីក្រុងឡុងដ៍ លោក Choe Il បានអះអាង នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Sky News ថាទីក្រុងព្យុងយ៉ាង នឹងធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ ជាលើកទី០៦ គ្រប់ពេលវេលាឱ្យតែមានបញ្ជាពីលោក គីម ជុងអ៊ុន៕
៣៖ មនុស្សយ៉ាងហោចណាស់០៨នាក់បានស្លាប់ និង ១១នាក់រងរបួស ដោយសារតែគ្រោះរញ្ជួយដីកម្រិត៥.៥រ៉ិចទ័រ បានវាយប្រហារមក លើតំបន់ស៊ីនជាំង ភាគពាយ័ព្យប្រទេសចិន នៅម៉ោង ៥៖៥៨នាទីព្រឹក ថ្ងៃព្រហស្បតិ៍នេះ។
៤៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានឲ្យដឹងថា កិច្ចពិភាក្សារវាងលោក និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនមានការខ្វែងគំនិតគ្នាច្រើន ដូចជាកាលពីសម័យរដ្ឋបាលដឹកនាំដោយអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា នោះឡើយ ដោយនា ពេលនេះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការដោះស្រាយបញ្ហាពិភពលោករួមគ្នា ជាពិសេសគឺវិបត្តិនៅស៊ីរីតែម្ដង។
៥៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាត់ចោលការរិះគន់ទាំងឡាយ ពាក់ព័ន្ធនឹងការសម្រេចចិត្តបណ្ដេញនាយក FBI លោក James Comey ចេញពីតំណែង។ ការបញ្ចប់តួនាទី លោក Comey ធ្វើឡើងបន្ទាប់ពីនាយក FBI រូបនេះប្រាប់សភាអាមេរិកថា លោកមានប្រភពជាច្រើន អាចជួយដល់ការស៊ើបអង្កេតលើករណីទំនាក់ទំនងរវាងយុទ្ធនាការឃោសនាបោះឆ្នោតឆបស់លោកត្រាំ ជាមួយ រុស្ស៊ី៕
៦៖ ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសអំពីកម្មវិធី ផលិតយន្តហោះដ្រូន Saqr 1 ដែលមានសមត្ថភាពបំពាក់គ្រាប់មីស៊ីល និងគ្រាប់បែក កំណត់ទីតាំង ដោយប្រព័ន្ធឡាស៊ែរ ព្រមទំាងអាចហោះបានចម្ងាយ ២,៥០០គីឡូម៉ែត្រ៕