(រីយ៉ាដ)៖ ព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត បានប្រកាសអំពីកម្មវិធីផលិតយន្តហោះដ្រូន Saqr 1 ដែលនឹងមានសមត្ថភាពបំពាក់គ្រាប់មីស៊ីល និងគ្រាប់បែកកំណត់ទីតាំងដោយប្រព័ន្ធឡាស៊ែរ ហើយនឹងហោះបានចម្ងាយ ២,៥០០គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។
យន្តហោះដ្រូនដែលនឹងត្រូវគេផលិតនៅក្នុងទីក្រុងនៃបច្ចេកវិទ្យា និងវិទ្យាសាស្ត្ររបស់ស្តេច Abdulaziz ខាងលើនេះ នឹងបំពាក់នូវប្រព័ន្ធផ្កាយរណបទាក់ទង ដែលនឹងជួយឲ្យមានការបញ្ជាយ៉ាងមានប្រសិទ្ធភាពខ្ពស់ ជាមួយនឹងប្រព័ន្ធកុំព្យូទ័រ។ សម្រាប់គ្រាប់បែក និងមីស៊ីលដែលបំពាក់នៅលើ Saqr 1 នឹងអាចទម្លាក់ចំគោលដៅ ពីកម្ពស់ ៥០០ម៉ែត្រ ទៅ ៦,០០០ម៉ែត្រ ហើយវាអាចហោះបានក្នុងកម្ពស់ខ្ពស់បំផុត ១០គីឡូម៉ែត្រ ក្នុងរយៈពេលប្រតិបត្តិការ ២៤ម៉ោង។
គួរបញ្ជាក់ថា អារ៉ាប៊ី សាអូឌីត គឺជាសម្ព័ន្ធមិត្តដ៏ធំរបស់អាមេរិក នៅតំបន់មជ្ឈិមបូព៌ា ហើយក៏ជាសេដ្ឋីប្រេងដ៏ធំមួយនៅលើពិភពលោកផងដែរ។ អាមេរិកបានចាត់ទុកប្រទេសនេះ ជាស្នូលដ៏សំខាន់នៃការរក្សាសន្តិសុខនៅក្នុងតំបន់ទាំងមូល ហើយក៏ជាខែលទប់ទល់នឹងឥទ្ធិពលរបស់ប្រទេសអ៊ីរ៉ង់ថែមទៀតផង៕