(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA បានប្រកាសនៅថ្ងៃនេះថា ខ្លួនបានបង្កើតអង្គភាពពិសេសមួយ ទទួលបន្ទុកវាយតម្លៃ និងទប់ស្កាត់ ការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ សេចក្តីប្រកាសពីការបង្កើតអង្គភាពថ្មីនេះ ធ្វើឡើងបន្ទាប់ពីអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំទីក្រុងឡុងដ៍ លោក Choe Il បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Sky News ថាទីក្រុងព្យុងយ៉ាងនឹងធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ ជាលើកទី០៦ គ្រប់ពេលវេលាឱ្យតែមានបញ្ជាពីលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។
លោក Choe Il នៅក្នុងបទសម្ភាសន៍ជាមួយ Sky News បានបញ្ជាក់យ៉ាងដូច្នេះថា «អំណាចនុយក្លេអ៊ែរ របស់យើង គឺជាអធិបតេយ្យភាពរបស់យើង ហើយយើងនឹងធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ គ្រប់ពេលវេលា គ្រប់ទីកន្លែងឱ្យតែមានបញ្ជាពីលោក គីម ជុងអ៊ុន។ អំណាចនុយក្លេអ៊ែរ គឺជាមធ្យោបាយតែមួយគត់ ការពារសន្តិភាពនៅឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់ទាំងមូល ត្បិតវាធ្វើឱ្យសហរដ្ឋអាមេរិក មិនហ៊ានវាយប្រហារមកលើពួកយើង ...តែបើវ៉ាស៊ីនតោនហ៊ានកម្រើកម្រាមដៃតែបន្តិច នោះយើងនឹងប្រែក្លាយអាវុធរបស់ពួកគេ ឱ្យក្លាយទៅជាធូលីដី»។
ដោយឡែកទាក់ទិននឹងការលើកឡើងនេះដែរ នាយក CIA លោក Mike Pompeo បានឱ្យដឹងថា CIA បានបង្កើតអង្គភាពពិសេសមួយ តាមឃ្លំាមើលសកម្មភាព និងវាយតម្លៃសមត្ថភាព ឬការគំរាមកំហែង ពីសំណាក់ទីក្រុងព្យុងយ៉ាង។ «ការបង្កើតអង្គភាពពិសេសនេះ នឹងអនុញ្ញាតឱ្យពួកយើងធ្វើសមាហរណកម្ម និងដឹកនាំកិច្ចការរបស់ CIA ឱ្យមានប្រសិទ្ធិភាព ដើម្បីទប់ទល់នឹងការគំរាមកំហែងពីកូរ៉េខាងជើង ប្រឆាំងនឹងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកយើង»។ នេះបើតាមលោក Mike Pompeo៕