(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergey Lavrov បានឲ្យដឹងថា កិច្ចពិភាក្សារវាងលោក និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនពោរពេញទៅដោយមនោគមន៍វិជ្ជា ដូចជាកាលពីសម័យរដ្ឋបាលដឹកនាំរបស់ អតីតមេដឹកនាំលោក បារ៉ាក់ អូបាម៉ា នោះឡើយ ដោយនាពេលនេះភាគីទាំងពីរបានពិភាក្សាគ្នាអំពី ការដោះស្រាយបញ្ហាពិភពលោករួមគ្នាវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Russia Today (RT) នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។
លោក Lavrov បានថ្លែងថាទីក្រុងវ៉ាស៊ីនតោននិងទីក្រុងម៉ូស្គូ គួរតែព្យាយាមស្វែងរកមធ្យោបាយដើម្បីដោះស្រាយបញ្ហាអន្តរជាតិរួមគ្នា ទោះបីជាមានផលវិបាកខ្លះនៅក្នុងទំនាក់ទំនងទ្វេភាគីយ៉ាងណាក្តី នៅក្រោយជំនួបពិភាក្សាជាមួយលោក Donald Trump នៅសហរដ្ឋអាមេរិក។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅឯស្ថានទូតរុស្ស៊ីប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បន្ទាប់ពីបានជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump លោក Sergey Lavrov បានលើកឡើងថា «ជាដំបូងឡើយយើងត្រូវតែធ្វើការពិភាក្សា អំពីកិច្ចសហការរបស់យើងនៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះវាត្រូវបានបញ្ជាក់ហើយថា ទោះបីជាមានផលលំបាកខ្លះៗ ប្រទេសរបស់យើងអាចក៏ដូចជាចាំបាច់ត្រូវតែចូលកម្លាំងសហការគ្នា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ដែលស្ថិតនៅលើរបៀបវារៈអន្តរជាតិ»។
គួរបញ្ជាក់ថា ជុំវិញរឿងទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាឱកាសជួបពិភាក្សាគ្នានោះ ក៏បានលើកឡើងដោយផ្ទាល់មាត់ផងដែរថា រូបលោកចង់ធ្វើឲ្យទំនាក់ទំនងអាមេរិក-រុស្ស៊ី មានភាពប្រសើរឡើងខ្ពស់ជាងមុន៕