(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានសម្ដែងការអបអរសាទរដល់ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក មូន ជេអ៊ីន (Moon Jae-in) នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ នៅថ្ងៃព្រហស្បតិ៍នេះ។ ព្រមពេលជាមួយគ្នាអ្នកទាំងពីរក៏បានពិភាក្សាគ្នាផងដែរ ជុំវិញភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ និងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មមានចិន CGTN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។
ថ្លែងប្រាប់លោក មូន នៅក្នុងកិច្ចសន្ទនានោះ លោក ស៊ី បានបញ្ជាក់ជាថ្មីថា «ទីក្រុងប៉េកាំង នៅតែរក្សាជំហរគំាទ្រវត្ថុបំណងគ្មានអាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េហើយថា បញ្ហានុយក្លេអ៊ែរ គួរតែត្រូវបានដោះស្រាយតាមរយៈកិច្ចចរចា ដោយផ្អែកលើផលប្រយោជន៍ឱ្យគ្នាទៅវិញមក។ លើសពីនេះ ចិនពិតជាមានបំណងបន្តធ្វើការងារយ៉ាងសកម្ម ជាមួយបណ្ដាភាគីពាក់ព័ន្ធទំាងអស់ រួមទាំងកូរ៉េខាងត្បូង ដើម្បីសន្តិភាព និងការរីកចំរើននៅក្នុងតំបន់ឧបទ្វីបកូរ៉េ»។ ដោយឡែកឆ្លើយតបទៅនឹងការលើកឡើងនេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក មូន ជេអ៊ីន បានអះអាងដែរថា ទីក្រុងសេអ៊ូល នឹងចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។
តែទោះបីជាបែបនេះក្ដី ចិនទំនងជាមិនអាចដាក់ទណ្ឌកម្ម ឬក៏សម្ពាធលើកូរ៉េខាងជើងរហូតដល់ចុះទន់ខ្សោយនោះឡើយ ព្រោះទីក្រុងប៉េកាំងនៅតែត្រូវការ ទីក្រុងព្យុងយ៉ាងជានិច្ច ប្រឈមមុខនឹងការកើនឡើងនៃឥទ្ធិពលយោធាអាមេរិក នៅក្នុងតំបន់។ មួយវិញទៀត ក្រៅតែខឹងកូរ៉េខាងជើង រឿងបាញ់សាកល្បងមីស៊ីលផ្លោង ទីក្រុងប៉េកាំងក៏កំពុងមានបញ្ហាផ្ទាល់ខ្លួនជាមួយកូរ៉េខាងត្បូងដែរ នោះគឺការដាក់ពង្រាយ THAAD ដែលចិនចាត់ទុកថា ជាការគំរាមកំហែងយ៉ាងធ្ងន់ដល់សន្តិសុខជាតិរបស់ខ្លួន។
ហេតុដូច្នេះអ្វីៗគឺមានតែការរង់ចាំមើលតែប៉ុណ្ណោះថា តើអ្នកនយោបាយជើងចាស់ មានជំហរទន់ភ្លន់ចំពោះកូរ៉េខាងជើង ដូចជាលោក មូន ជេអ៊ីន អាចនឹងស្វែងរកកិច្ចចរចាជាមួយកូរ៉េខាងជើង បានដូចខ្លួនធ្លាប់សន្យា ឬទេ? ហើយលោកនឹងដោះស្រាយយ៉ាងដូចម្តេចពាក់ព័ន្ធនឹង THAAD ត្បិតការតម្លើងប្រព័ន្ធមីស៊ីលនេះ ធ្វើឱ្យចិនទាស់ចិត្ត តែបើគ្មានប្រព័ន្ធមីស៊ីលនេះវិញ សន្តិសុខរបស់ខ្លួននឹងនៅតែស្ថិតក្រោមការគំរាមកំហែងពីទីក្រុងព្យុងយ៉ាង ដែលគ្មានផ្លូវបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត ដារាបណាកងទ័ពអាមេរិក មានវត្តមាននៅកូរ៉េខាងត្បូង និងជប៉ុន៕