(ប៊ែកឡាំង)៖ រដ្ឋាភិបាលអាល្លឺម៉ង់នាពេលឆាប់ៗខាងមុខនេះ នឹងដាក់បំរាមទៅលើស្ថានទូតកូរ៉េខាងជើង ប្រចាំនៅរដ្ឋធានីប៊ែរឡាំង មិនឲ្យដាក់ជួយទីធ្លានៃអគាររបស់ខ្លួន សម្រាប់រកផលចំណេញបន្ថែមនោះឡើយ ដោយអនុឡោមតាមសេចក្តីសម្រេចថ្មីចុងក្រោយបំផុត របស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងការធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់រដ្ឋកុម្មុយនិស្តមួយនេះ។ នេះបើតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអាល្លឺម៉ង់ ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។
ស្ថានទូតកូរ៉េខាងជើង ទទួលបានថវិកាប្រមាណ ៣៨,០០០អឺរ៉ូ ដែលស្មើនឹង៤១,៣៣១ដុល្លារ អាមេរិកក្នុងមួយខែៗ តាមរយៈការដាក់ជួលទីធ្លាមួយចំនួននៃអគាររបស់ខ្លួន ទៅឲ្យសណ្ឋាគារក៏ដូចជាប្រតិបត្តិករមជ្ឈមណ្ឌលសន្និសីទ ចាប់តាំងពីឆ្នាំ២០១៤មកម៉្លេះ។ ស្ថានទូតនេះមានទីតាំងនៅចន្លោះគោលដៅទេសចរណ៍ល្បីៗចំនួនពីររបស់ទីក្រុងប៊ែរឡាំង គឺខ្លោងទ្វា Brandenburg Gate និងកន្លែងត្រួតពិនិត្យ Checkpoint Charlie ដែលបានបន្សល់ទុកពីសម័យសង្រ្គាមត្រជាក់។
ការិយាល័យអធិការបតី រួមទាំងក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច បាននិងកំពុងចូលរួមប្រឹក្សាយោបល់គ្នា ស្តីពីការចាត់វិធានការតឹងរ៉ឹងខាងលើនេះ ដើម្បីអនុវត្តន៍ទៅតាមការដាក់ទណ្ឌកម្មសេដ្ចកិច្ច របស់សហគមន៍អន្តរជាតិ ប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងធ្លាប់បានបញ្ជូនមន្រ្តីទូតប្រហែល ១០០នាក់មកឲ្យបម្រើការងារនៅក្នុងស្ថានទូតនៅក្នុងទឹកដីអាល្លឺម៉ង់ខាងកើត កាលពីសម័យសង្រ្គាមត្រជាក់ ខណៈបច្ចុប្បន្នមន្ត្រីទូតដែលកំពុងបំពេញប្រតិបត្តិការមានតែ ១០នាក់ប៉ុណ្ណោះ៕