(សេអ៊ូល)៖ កូរ៉េខាងជើងជាថ្មីម្ដងទៀតនៅថ្ងៃព្រហស្បតិ៍ បានជំរុញរដ្ឋាភិបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក មូន ជេអ៊ីន (Moon Jae-in) បិទបញ្ចប់នូវអ្វីដែលខ្លួន ហៅថា ជានយោបាយបដិបក្ខក្នុងនោះរួមមានទំាងការធ្វើសមយុទ្ធយោធាប្រចំាឆ្នាំ ជាមួយសហរដ្ឋអាមេរិកផងដែរ។ នេះបើតាមកាសែតកូរ៉េខាងជើង Rodong Sinmum ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់ Rodong Sinmun ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក មូន ជេអ៊ីន ប្រកាសពីបំណងចង់បំពេញទស្សនកិច្ច ទៅកាន់កូរ៉េខាងជើង។ កាសែត Rodong Sinmun នៅក្នុងបទអត្ថធិប្បាយរបស់ខ្លួន បានបញ្ជាក់យ៉ាងដូច្នេះថា «កូរ៉េទំាងពីរគួរតែគោរពគ្នាទៅវិញទៅមក ក៏ដូចជាបើក ទំព័រថ្មីមួយឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងទ្វេភាគី និងការបង្រួបបង្រួមអន្តរកូរ៉េ។ ស្របពេលជាមួយគ្នា ដើម្បីសម្រេចបានវត្ថុបំណងនេះ ទីក្រុងសេអ៊ូលមិនត្រូវភ្លេចនោះទេ ចំពោះការបញ្ឈប់សមយុទ្ធយោធាប្រចាំឆ្នាំ ជាមួយសហរដ្ឋអាមេរិក ព្រមទំាងហាមឃាត់ សកម្មជនកូរ៉េខាងត្បូង ក្នុងការបាចខិតប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាង នៅតំបន់ព្រំដែននៃទាំងពីរ»។
គួរបញ្ជាក់ថា បើទោះជាដឹងថាការផ្សះផ្សាជាមួយកូរ៉េខាងជើង គឺជារឿងដ៏លំបាកក៏ដោយ តែលោក មូន ជេអ៊ីន នៅតែបង្ហាញពីវត្ថុបំណងនេះ ដោយលោកផ្ទាល់បានអះអាងពីគំរោងទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង នៅពេលវេលាសាកសមណាមួយ ដើម្បីស្វែងរកកិច្ចសន្ទនា និងឈានដល់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ៕