(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់លើក្តីបំណងរបស់លោក ក្នុងការកសាងទំនាក់ទំនងដ៏ប្រសើរមួយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។
សេតវិមានបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក ស៊ីហ្គៃ ឡាវរ៉ូវ នៅរដ្ឋធានីវ៉ាស៊ីនតោន លោក ដូណាល់ ត្រាំ បានលើកឡើងអំពីលទ្ធភាព នៃការពង្រីកកិច្ចសហប្រតិបត្តិការស្តីពីការដោះស្រាយបញ្ហាជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងកន្លែងដទៃៗទៀត។ នាឱកាសនោះទៀត លោក ត្រាំ ក៏បានសង្កត់ធ្ងន់បន្ថែមទៅលើតម្រូវការ នៃការចាប់ដៃសហការគ្នា ដើម្បីបញ្ចប់វិបត្តិដ៏រ៉ាំរ៉ៃនៅស៊ីរី និងបានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ឲ្យរុស្ស៊ី ទប់ស្កាត់របបដឹកនាំរបស់លោក បាហ្សា អាល់ អាស្សាដ ព្រមទាំងប្រទេសអ៊ីរ៉ង់ផងដែរ។
នៅក្រោយជំនួបខាងលើលោក ឡាវរ៉ូវ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក ដូណាល់ ត្រាំ បានបញ្ជាក់អះអាងពីចំណាប់អារម្មណ៍របស់លោក ក្នុងនាមប្រធានាធិបតីអាមេរិក ដើម្បីកសាងទំនាក់ទំនងដែលនឹងផ្តល់ផលចំណេញទ្វេភាគី ជាមួយប្រទេសរុស្ស៊ី។ ម៉្យាងវិញទៀតនៅមុនជំនួបជាមួយលោក ត្រាំ លោក ក៏បានជួបពិភាក្សាការងារជាមួយសមភាគីអាមេរិកលោក រិច ធីល្លឺសុន អំពីបញ្ហាជាច្រើនរួមមាន អ៊ុយក្រែន ស៊ីរី និងបញ្ហាទ្វេភាគីផងដែរ។
គួរបញ្ជាក់ថា បន្ទាប់ពីលោក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យបើកការវាយប្រហារមីស៊ីល ទៅលើមូលដ្ឋានទ័ពស៊ីរីកាលពីដើមខែមេសាកន្លងទៅ ជាការឆ្លើយតបចំពោះការចោទប្រកាន់នៃការប្រើប្រាស់អាវុធគីមី ប្រឆាំងពលរដ្ឋស្លូតត្រង់របស់រដ្ឋាភិបាលស៊ីរី រដ្ឋាភិបាលរុស្ស៊ី បានចេញមុខថ្កោលទោសខ្លាំងៗចំពោះសកម្មភាពយោធានេះ និងចាត់ទុកទង្វើរបស់ទីក្រុងវ៉ាស៊ីនតោនថា ជាការឈ្លានពានលើដែនអធិបតេយ្យភាពរដ្ឋឯករាជ្យមួយ ដោយបំពានច្បាប់អន្តរជាតិ៕