(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក Moon Jae-in នាថ្ងៃព្រហស្បតិ៍នេះ បានធ្វើការតែងតាំងក្រុមមន្រ្តីជាន់ខ្ពស់ប្រចាំវិមានប្រធានាធិបតី Blue House នៅថ្ងៃទីពីរនៃអាណត្តិដឹកនាំរបស់លោក ខណៈដែលរឿងអាស្រូវនៃអំពើពុករលួយ របស់អតីតប្រធានាធិបតីលោកស្រី ផាក គឺនហេ មិនទាន់ត្រូវបានដោះស្រាយរួចរាល់នៅឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧។
យោងតាមនាយកខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Im Jong-seok ថែ្លងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក Moon Jae-in បានគ្រោងនឹងធ្វើការរៀបចំសណ្តាប់ធ្នាប់នៅក្នុងវិមាន Blue House ឡើងវិញ ហើយគម្រោងនៃការធ្វើកំណែទម្រង់នេះ នឹងត្រូវបានប្រកាសនៅអំឡុងកិច្ចប្រជុំបន្ទាន់មួយនៃគណៈរដ្ឋមន្រ្តី ដែលកំណត់ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ។
គួរបញ្ជាក់ថា អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye ត្រូវបានទម្លាក់ចេញពីតំណែង បន្ទាប់ពីមានរឿងអាស្រូវនយោបាយដ៏ខ្មៅងងឹង ពាក់ព័ន្ធអំពើពុករលួយក៏ដូចការចូលមកលូកលាន់កិច្ចការផ្ទៃក្នុងរដ្ឋ ដែលមានមិត្តភក្តិដ៏ជិតស្និទ្ធយូរអង្វែងបំផុតរបស់លោកស្រីជាដើមចម រួមទាំងរូបលោកស្រីផ្ទាល់ និងមន្រ្តីជំនិតៗមួយចំនួនទៀតនៅក្នុងវិមានប្រធានាធិបតី៕